(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឱ្យដឹងថា នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា និងចុះហត្ថលេខាលើការសិក្សាសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាមួយក្រុមហ៊ុនចិន។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ប្រវែង១៣៥គីឡូម៉ែត្រ គ្រោងចំណាយ​ថវិកាវិនិយោគសរុ​ប​ប្រមា​ណ ១.៣៥ប៊ីលានដុល្លារអាមេរិក នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ម្សិលមិញនេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានធ្វើលិខិតបន្ទាន់មួយឱ្យខ្ញុំ បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បើកការដ្ឋានថ្ងៃនេះ យើងនឹងផ្តើមចុះហត្ថលេខានៅម៉ោង២រសៀលថ្ងៃនេះ អំពីការសិក្សាផ្លូវល្បឿនលឿន តភ្ជាប់ភ្នំពេញទៅសៀមរាប និងសៀមរាប ទៅប៉ោយប៉ែត កាន់តែវែងឆ្ងាយទៅហើយ។ ផ្លូវល្បឿនលឿននេះវានឹងកើតមុនពេលដែលខ្ញុំស្លាប់ បើទោះបីជាខ្ញុំមិនធ្វើនាយករដ្ឋមន្ត្រីបន្ត ក៏ប៉ុន្តែខ្ញុំមានឱកាស ដើម្បីនឹងមើលកូនចៅគណបក្សប្រជាជនកម្ពុជា គេដឹកនាំយ៉ាងម៉េច ហើយយើងក៏ជួយគាំទ្រលើកទឹកចិត្តឲ្យពួកគេធ្វើទៅ ពួកយើងចាស់ៗអស់ហើយ»

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ធ្វើឡើងរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងក្លាយជាផ្លូវល្បឿនលឿនខ្សែទី៣ បន្ទាប់ពីផ្លូវល្បឿនលឿនខ្សែទី១ ភ្នំពេញ-ព្រះសីហនុ ដែលកំពុងដំណើរការចរាចរណ៍ និងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ។

យោងតាមគំរូប្លង់សិក្សាដោយក្រុមហ៊ុនចិន ដែលធ្លាប់បង្ហាញក្នុងកិច្ចប្រជុំកាលពីពេលកន្លងទៅ គម្រោងផ្លូវល្បឿនលឿនទី៣នេះ នឹងត្រូវឆ្លងកាត់រាជធានីខេត្តចំនួន៥ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល ខេត្ដកំពង់ចាម ខេត្ដកំពង់ធំ និងខេត្ដសៀមរាប ដែលមានប្រវែងសរុបប្រមាណ ២៧២ គីឡូម៉ែត្រ៕

</p