(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋរៀបចំផែនការគ្រួសារឱ្យបានច្បាស់លាស់ ពោលគឺត្រូវគិតពិចារណាឱ្យបានល្អិតល្អន់ មុននឹងយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ដី) ទៅដាក់នៅធនាគារ ។ បើមិនដូច្នេះទេ បងប្អូននឹងជួបបញ្ហាធ្ងន់ធ្ងរ ក្នុងជីវភាពរស់នៅ ជាមួយនឹងបំណុលធនាគារ។

ការអំពាវបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ ខណៈដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុងពីធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋរស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅជាង ១០០០ប័ណ្ណ នៅក្នុងបរិវេណ សាលាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

លោក ឃួង ស្រេង បានលើកឡើងថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងជាអគ្គមគ្គុទ្ទេស៍ដ៏ឆ្នើមរបស់យើង សំដៅផ្តល់កម្មសិទ្ធិស្របច្បាប់ ជូនប្រជាពលរដ្ឋ និងកាត់បាននូវភាពក្រីក្រ។

លោក ឃួង ស្រេង បានបន្តថា «បងប្អូនប្រជាពលរដ្ឋយើង មុននឹងយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ទៅបញ្ចាំនៅធនាគារ ត្រូវគិតពិចារណាឱ្យបានល្អិតល្អន់ កុំឱ្យមានបញ្ហាពាក់ព័ន្ធបំណុលធនាគារ។ បំណុលធនាគារ យកលុយមកចាយវាយមិនត្រឹមត្រូវ វានាំឱ្យមានបញ្ហាធ្ងន់ធ្ងរ ក្នុងជីវភាពរស់នៅ ជាមួយនឹងបំណុលនេះ។ សម្រាប់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺចង់ឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ រីកចំរើន ក្នុងមុខរបរ ក្រោមម្លប់សន្តិភាព ពិសេសសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ដោយប្រែក្លាយកម្ពុជា មានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ នៅឆ្នាំ២០៥០ខាងមុខ»

លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានលើកឡើងថា ពាក់ព័ន្ធនិងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ សម្រាប់ខណ្ឌព្រែកព្នៅ ដែលមាន ៥សង្កាត់ ក្នុងនោះមាន២សង្កាត់ បានចុះបញ្ជីដីធ្លី និងចែកប័ណ្ណរួចហើយ គឺសង្កាត់ព្រែកព្នៅ និងសង្កាត់គោករកា។ សង្កាត់ពន្សាំង ជាសង្កាត់ទី៣ ដែលកំពុងដំណើរការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ក្នុងចំណោម ២៤ភូមិ បានចែកប័ណ្ណ រួចហើយចំនួន ១១ភូមិ រួមទាំងភូមិចំបក់ធំ និងភូមិកន្លែងគល់ ដែលកំពុងប្រារព្ធពិធីនៅពេលនេះ ចំណែក ១៣ភូមិទៀត កំពុងដំណើរការនីតិវិធីចុះបញ្ជី ឈានទៅចែកប័ណ្ណកម្មសិទ្ឋិ ក្នុងពេលឆាប់ៗនេះ។ រីឯ ២សង្កាត់ទៀត គឺសង្កាត់ពញាពន់ និងសង្កាត់សំរោង ក៏ស្ថិតក្នុងផែនការ ចុះបញ្ជីក្នុងឆ្នាំ២០២៣នេះដែរ។

លោក សារិន វណ្ណ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានលើកឡើងដែរថា រាជធានីភ្នំពេញ ត្រូវបានជ្រើសរើសជាក្រុងអទិភាព ក្នុងការចុះបញ្ជីជាលក្ខណៈប្រព័ន្ធ ក្នុងចំណោមខេត្ត-ក្រុងទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា។ គំរោងរៀបចំដែនដី និងរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ បានចាប់ផ្ដើមនៅខែតុលា ឆ្នាំ២០០៣ រហូតមកទល់ បច្ចុប្បន្នគំរោងចុះបញ្ជីដីធ្លី បាន ៨៨សង្កាត់ ក្នុងចំណោម ១០៥សង្កាត់ ក្នុងរាជធានីភ្នំពេញ។ គំរោងប្រមូលទិន្នន័យសរុបបាន ៣៧៧ ២៤៦ក្បាលដី និងចេញប័ណ្ណជូនប្រជាពលរដ្ឋបាន ២៥៦.១៥៣ប័ណ្ណ។

និយាយដោយឡែកនៅក្នុងខណ្ឌព្រែកព្នៅ គំរោងបានចេញប័ណ្ណ ជូនប្រជាពលរដ្ឋរួចបាន ២សង្កាត់ គឺសង្កាត់ព្រែកព្នៅ និងសង្កាត់គោករកា មានចំនួន ២៣ភូមិ ចេញប័ណ្ណសរុបបានចំនួន ៧១០៦ប័ណ្ណ និងនៅក្នុងសង្កាត់ពន្សាំង ចេញប័ណ្ណបាន១១ភូមិ មានចំនួន ៦៣៤៨ប័ណ្ណ ។
នៅក្នុងនេះ ក្រោយពីបានធ្វើការបណ្តុះបណ្តាល ការបោះពុម្ពប័ណ្ណកម្មសិទ្ធិមកដល់ថ្ងៃនេះ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ សំរេចបានការផ្តល់ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិចំបក់ធំ និងភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចំនួន ១១៣៦ប័ណ្ណ៕