(ភ្នំពេញ)៖ ក្រុមការងារនៃមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ និងមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍នៃក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ​ បានប្រគល់រង្វាន់ដល់ក្រុមជយលាភីទាំង៣ក្រុម ដែលបានចូលរួមការប្រកួតវីដេអូខ្លីស្ដីពី «ការអប់រំឌីជីថលនៅកម្ពុជា»

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានលេខាធិការដ្ឋានមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ និងមានអ្នកចូលរួមជាច្រើនរូបទៀតផងដែរ។

លើកឡើងនាឱកាសនោះបណ្ឌិត សាន វឌ្ឍនា ក៏បានចូលរួមអបអរសាទរក្រុមជ័យលាភី និងកោតសរសើរចំពោះការចូលរួមចំណែកចូលរួមពីសំណាក់ក្រុមដែលបានទទួលជ័យលាភី និងបានលើកទឹកចិត្តប្អូនៗសិស្សានុសិស្សទាំងអស់ឱ្យបណ្ដុះក្ដីស្រឡាញ់ចំពោះការអប់រំឌីជីថល និងចេះទាញយកអត្ថប្រយោជន៍នៃការអប់ឌីជីថល ដើម្បីទទួលបាននូវភាពជោគជ័យក្នុងការសិក្សា ការស្រាវជ្រាវ និងសកម្មភាពសង្គម។

សូមបញ្ជាក់ដែរថា ការប្រកួតវីដេអូខ្លីនេះមានការចូលរួមប្រកួតប្រជែងពីសំណាក់សិស្សានុសិស្សមកពីគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេសចំនួន ២៥ក្រុម ដោយក្នុងនោះមាន ៣ក្រុមដែលជាក្រុមទទួលបានជ័យលាភី តាមរយៈការដាក់ពិន្ទុពីគណៈកម្មការវាយតម្លៃ និងការបោះឆ្នោតគាំទ្រពីសាធារណៈជនផងដែរ៕