(កណ្ដាល)៖ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល លោក គង់ សោភ័ណ្ឌ បានជំរុញសមាជិកសមាជិកាសាខា អនុសាខាក្រុង-ស្រុក និងអនុសាខាមន្ទីរអង្គភាពជុំវិញខេត្ត បន្តកៀរគររកសប្បុរសជននានា ក្នុងការចូលរួមឧបត្ថម្ភការងារមនុស្សធម៌ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបការលំបាក និងរងគ្រោះដោយគ្រោះមហន្តរាយនានាដែលកើតមានឡើងក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

លោក គង់ សោភ័ណ្ឌ បានជំរុញបែបនេះនាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងពិធីអបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល។

លោក គង់ សោភ័ណ្ឌ បានបន្តថា ដើម្បីជួយទ្រទ្រង់ដល់សកម្មភាពរបស់សាខា លើការងារមនុស្សធម៌ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលទទួលរងការលំបាក ប្រជាពលរដ្ឋទីទាល់ក្រគ្មានទីពឹង និងប្រជាពលរដ្ឋដែលទទួល រកនូវគ្រោះមហន្តរាយនានា ដែលកើតមាននៅក្នុងខេត្តកណ្ដាល គឺដោយមានការចូលរួមឧបត្ថម្ភពីលោក លោកស្រី ដែលជាសមាជិក សមាជិកាសាខា អនុសាខាក្រុង-ស្រុក អនុសាខាមន្ទីរអង្គភាពជុំវិញខេត្ត រួមជាមួយនឹងសប្បុរសជននានា ដែលតែងតែចូលរួមឧបត្ថម្ភទាំងសម្ភារ ថវិកា និងគ្រឿងឧបភោគបរិភោគនានា ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបបញ្ហាប្រឈម នានានៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលបានទាន់ពេលវេលា។

លោកសង្ឃឹមយ៉ាងមុតមាំថា សមាជិក សមាជិកាសាខា អនុសាខាក្រុង-ស្រុក និងអនុសាខាមន្ទីរអង្គភាពជុំវិញខេត្ត បន្តកៀរគររកសប្បុរសជននានាជួយឧបត្ថម្ភនិងគាំទ្រដល់សកម្មភាពរបស់សាខាលើការងារមនុស្សធម៌បន្ថែមទៀត ដើម្បីអបអរខួបទី ១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»