(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអនុញ្ញាតឱ្យលោក ខនដូ យ៉ូស៊ីអូ អភិបាលក្រុមហ៊ុន Procast Cambodia និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យសុខុមាលភាពមនុស្សចាស់នៅកម្ពុជា នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសង្គមកិច្ច។

ក្នុងឱកាសនោះ លោក ខនដូ យ៉ូស៊ីអូ បានជម្រាបពីគម្រោងមួយចំនួនរបស់លោក នៅដំណាច់ឆ្នាំ ឆ្នាំ២០២៣នេះ លើទុនផ្នែកថែទាំមនុស្សចាស់នៅកម្ពុជា ហើយក៏មានគម្រោងបណ្តុះបណ្តាលអ្នកជំនាញថែទាំ មនុស្សចាស់ឱ្យមានជំនាញ និងវិធីសាស្រ្ត នៃការថែទាំឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។ ក្នុងនោះ ក៏មានគម្រោងធ្វើការកែអាគារមួយដែលមានស្រាប់ ឱ្យក្លាយទៅជាអាគារដែលមានស្តង់ដាដូចអគារថែទាំមនុស្សចាស់ ក្នុងប្រទេសជប៉ុនផងដែរ។ សម្រាប់សិក្ខាកាមកម្ពុជា និងត្រូវយកទៅបណ្តុះបណ្តាលអនុវត្តផ្ទាល់ នៅប្រទេសជប៉ុន មុននឹងមកបង្រៀនបន្តដល់សិក្ខាកាមនៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប រដ្ឋមន្ត្រី វង សូត ថ្លែងថា លោកក៏ចង់ឱ្យមានមណ្ឌលថែទាំមនុស្សចាស់នៅកម្ពុជាផងដែរ តែសម្រាប់បរិបទកម្ពុជានាពេលបច្ចុប្បន្ននេះ មិនទាន់អាចបង្កើតឱ្យមានមណ្ឌលថែទាំមនុស្សចាស់ឱ្យច្រើននៅឡើយទេ ព្រោះគ្រួសារនីមួយៗ នៅក្នុងប្រទេសកម្ពុជាឳពុកម្តាយដែលមានវ័យចាស់ ត្រូវបានមើលថែទាំពីក្រុមគ្រួសារ ពីកូនៗ ព្រោះជាប្រពៃណីតាំងពីបុរាណមក ដែលកូនមានភារកិច្ចត្រូវមើលថែទាំឳពុកម្តាយពេលចាស់ទៅ ឬពេលចាស់ទៅបើគ្មានកូនចៅមើលថែទេ ក៏មានទីវត្តអារាមសម្រាប់ស្នាក់អាស្រ័យដែរ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ក៏បានទទួលយកសំណើរបស់លោក ខនដូ យ៉ូស៊ីអូ ដែលបានអញ្ជើញលោកទៅធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅមជ្ឍមណ្ឌលថែទាំមនុស្សក្នុងប្រទេសជប៉ុន នៅពេលវេលាសមស្របណាមួយ ដើម្បីដកស្រង់យកបទពិសោធន៍ល្អៗពីរបៀបថែទាំមនុស្សចាស់៕