(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានណែនាំដល់ក្រុមការងារការពារប្រាសាទតាមគោលដៅទាំងអស់ត្រូវបង្កើនប្រសិទ្ធភាពការងារ និងរក្សាសេចក្ដីថ្លៃថ្នូរ ដើម្បីជួយអភិរក្ស និងការពារប្រាសាទដែលជាមរតកដ៏មានតម្លៃរបស់ជាតិ។

ការណែនាំនេះធ្វើឡើងក្នុងបណ្ដាលអ្នកគ្រប់គ្រងប្រាសាទទៅដល់ថ្នាក់ដឹកនាំតាមប្រាសាទនានា សម្រាប់ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្ដាប់ធ្នាប់ សរុបប្រមាណ៧០នាក់ នាកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នៅនាយកដ្ឋានសណ្ដាប់ធ្នាប់។

លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានណែនាំដល់ក្រុមការងារគោលដៅទាំងអស់ ត្រូវបង្កើនប្រសិទ្ធភាពការងារ និងគោរពតាមក្រមវិន័យការងាររបស់ថ្នាក់ដឹកនាំដែលបានដាក់ជូន។

លោកបន្ថែមថា ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្ដាប់ធ្នាប់នៅតាមគោលដៅប្រាសាទ សុទ្ធសឹងមានចំណែក ដើម្បីជួយអភិរក្ស និងការពារប្រាសាទដែលជាមរតកដ៏មានតម្លៃរបស់ជាតិ។ ដូច្នេះក្នុងកាតព្វកិច្ចដែលខ្លួនកំពុងបំពេញ ចាំបាច់ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន និងរក្សាបាននូវសេចក្ដីថ្លៃថ្នូរជាដរាប។

លោក ឡុង កុសល បន្តថា មន្រ្តី និងបុគ្គលិកដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនៅពេលនេះ នឹងរៀនសូត្រពីកិច្ចការអភិរក្ស ការគ្រប់គ្រងទឹក និងព្រៃឈើ ស្វែងយល់ពីផែនទីហានិភ័យនៅតាមប្រាសាទនីមួយៗជាដើម ដែលចំណុចទាំងអស់នេះ គឺក្រុមការងារខាងលើមានតួនាទីសម្របសម្រួលជាមួយផ្នែកជំនាញដទៃទៀត ដើម្បីដោះស្រាយបញ្ហា ក៏ដូចជាបង្កើនប្រសិទ្ធភាពក្នុងការរៀបចំ លើកកម្ពស់គុណភាពសេវាទេសចរណ៍ឱ្យកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី៦-៧ មិថុនា នៅនាយកដ្ឋានសណ្ដាប់ធ្នាប់៕