(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងក្រោមឱវាទប្រជុំប្រចាំខែឧសភា និងលើកទិសដៅការងារបន្ត ខែមិថុនាឆ្នាំ២០២៣។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងទាំងអស់ វរសេនីយ៍ នាយការិយាល័យជំនាញទាំងអស់ចំណុះស្នងការដ្ឋាន លោកវរសេនីយ៍ អធិការក្រុង-ស្រុកទាំង៩ មេបញ្ជាការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤។

លោកឧត្តមសេនីយ៍ត្រី ផាត ផល្លី ស្នងការរងជំនួយដឹកនាំការិយាល័យសរុបវិភាគ បានឡើងអានរបាយការណ៍ ស្តីពីការបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែឧសភា ឆ្នាំ២០២៣ (គិតពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣) និងទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវទិសដៅការងារខែបន្ទាប់ដល់កងកម្លាំងរួមមាន៖

*ត្រូវធានាឲ្យបានស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩
*បង្កើនការក្តាប់ និងប្រមូលផ្តុំព័ត៌មានទូទាំងខេត្ត ទាក់ទិននិងសភាពការណ៍សន្តិសុខជាតិ ជាពិសេសផែនការ និងឧបាយកលឧទ្ទាមកម្ម រួមទាំងការបំពុលព័ត៌មានតាមរយ:បណ្តាញសង្គម ដើម្បីចាត់វិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់។
*ពង្រឹងសមត្ថភាពក្នុងការតាមដានប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា តាមបណ្តាញសង្គម។
*យកចិត្តទុកដាក់ពង្រឹងវិធានការជំនាញ សំដៅធ្វើឲ្យមានបទល្មើសព្រហ្មទណ្ឌ មានការថយចុះ ដោយបន្តអនុវត្តនូវកម្មវិធីត្រួតពិនិត្យតាមភូមិសាស្ត្រក្រុង/ស្រុក ដែលមានបទល្មើសនៅមានកំណើន ជាពិសេសជម្រុញការអនុវត្តផែនការបង្ការទប់ស្កាត់ បង្ក្រាបអំពើលួច-ឆក់ឲ្យមានប្រសិទ្ធភាពខ្ពស់។
*ពង្រឹងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ (ទម្រង់ថ្មីនៃការជួញដូរមនុស្សភ្ជាប់ជាមួយប្រព័ន្ធឌីជីថល)។
*ត្រូវបង្កើនការផ្តល់សេវាអត្តសញ្ញាណប័ណ្ណ និងសៀវភៅស្នាក់នៅជូនពលរដ្ឋឲ្យបានទាន់ពេលវេលា ទាំងអ្នកទើបគ្រប់អាយុនិងអ្នកហួសសុពលភាព។
*ពង្រឹងការគ្រប់គ្រងកម្លាំង ការគោរពវិន័យ វេនប្រចាំការ ការងារយាមល្បាត និងកម្លាំងត្រៀមអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង ទប់ស្កាត់ និងបទល្មើសផ្សេងៗដែលអាចកើតមានជាយថាហេតុ និងគ្រោះធម្មជាតិនានា៕