(កោះកុង)៖ មន្ត្រីរាជការ១៩រូបរបស់ខេត្តកោះកុង ត្រូវបានប្រកាសប្រកាសតែងតាំង និងប្រគល់ភារកិច្ច នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ដែលធ្វើឡើងក្រោមវត្តមានលោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត កោះកុង និងលោកស្រី មិថុនា ភូថង អភិបាលខេត្ត លោកអភិបាលស្រុក និងមានការចូលរួមពីមន្ត្រីរាជការគ្រប់បណ្តាអង្គភាពជុំវិញខេត្តផងដែរ។

លោកស្រី មិថុនា ភូថង បានថ្លែងថា ការប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ១៩រូប គឺមកពីមន្ទីរសុខាភិបាល មន្ទីរអប់រំ និងមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត។

លោកស្រី បានណែនាំមន្ត្រីរាជការទើបទទួលប្រកាសតែងតាំងមុខតំណែងថ្មី ត្រូវខិតខំបំពេញកាតព្វកិច្ច បំពេញតួនាទី ភារកិច្ចប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ជូនរាជរដ្ឋាភិបាល បម្រើប្រជាពលរដ្ឋ និងថែរក្សាឲ្យបាននៅសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកស្រីបានណែនាំឲ្យមន្រ្តី ត្រូវសហការយ៉ាងល្អប្រសើរជាមួយអង្គភាពផ្សេងៗ និងអនុវត្តន៍ឲ្យបានក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលធ្វើឲ្យ ប្រទេសជាតិទទួលបានសន្តិភាព និងស្ថេរភាព ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តីសុខសប្បាយ និងរួមគ្នាអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ៕