(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីដាំកូនឈើ «សណ្តាន់ រំដេញ និងរាំង» ជានិម្មិតរូប នៅតំបន់ទំនាប នៃបឹងទន្លេសាប ស្ថិតក្នុងភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលរៀបចំដោយអង្គការអភិរក្សអន្តរជាតិ និងអង្គការអភិវឌ្ឍន៍នារីខ្មែរ (ANKO)។

ពិធីនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការស្តារឡើងវិញ នូវជីវចម្រុះ នៅតំបន់ជុំវិញបឹងទន្លេសាប ក្នុងប្រទេសកម្ពុជាយើង ជាពិសេសព្រៃលិចទឹក។ ម្យ៉ាងទៀត ដើម្បីបំផុសស្មារតីដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាការពារតំបន់ព្រៃលិចទឹក ដែលមានសារៈសំខាន់សម្រាប់ជម្រកត្រី និងត្រីពងកូន និងជាប្រយោជន៍សម្រាប់មនុស្សជាតិ។

លោក ខូយ រីដា បានថ្លែងថា ការដាំកូនឈើ នៅតំបន់ព្រៃលិចទឹកនេះ ជានិម្មិតរូបមួយពញ្ញាក់ស្មារតី ដល់បងប្អូនប្រជាពលរដ្ឋ និងយុវជន នៅក្នុងសហគមន៍ ក៏ដូចជានៅក្នុងខេត្ត និងប្រជាពលរដ្ឋ ដែលរស់នៅតំបន់ជុំវិញបឹងទន្លេសាប ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងស្តារឡើងវិញ នូវជីវចម្រុះ នៅតំបន់ជុំវិញបឹងទន្លេសាប។ លោកក៏សូមថ្លែងអំណរគុណដល់អង្គការដៃគូ ដែលចូលរួមគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាល និងតែងតាំងសហការយ៉ាងស្អិតរមួត ជាមួយរដ្ឋបាលខេត្ត ស្រុក ឃុំ ក្នុងការជួយផ្សព្វផ្សាយ បណ្តុះបណ្តាល និងអភិវឌ្ឍន៍មូលដ្ឋាន ឈានទៅកាត់បន្ថយភាពក្រីក្រ។

ជាមួយគ្នានោះ លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យចូលរួមថែរក្សាបរិស្ថានជុំវិញខ្លួន និងអភិរក្ស នូវព្រៃលិចទឹក ស្តារធនធានធម្មជាតិរបស់យើងឡើងវិញ ដើម្បីជាជម្រកពងកូន សម្រាប់មច្ឆជាតិ និងជាប្រយោជន៍រួមទៅអនាគត។

គួរបញ្ជាក់ផងដែរថា តាមផែនការដាំ និងស្តារព្រៃលិចទឹកឡើងវិញ របស់អង្គការអភិរក្សអន្តរជាតិ និងអង្គការអភិវឌ្ឍន៍នារីខ្មែរ (ANKO) គឺមានចំនួន១៨២ហិកតា ដោយក្នុងមួយហិកតា ត្រូវដាំប្រមាណជាង៤០០ដើម លើស្រុកគោលដៅចំនួន៣ គឺស្រុកក្រគរ ស្រុកកណ្តៀង និងស្រុកបាកាន។ ជាក់ស្តែងនាព្រឹកនេះ កូនឈើប្រមាណជា ៤៥០ដើម ត្រូវបានដាំជានិមិ្មតរូប ព្រមទាំងបន្តដាំ ទៅតាមគោលដៅផ្សេងៗទៀតផងដែរ៕