(បន្ទាយមានជ័យ)៖ លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំប្រតិភូសមាគមរាជសីហ៍ ចូលជួបសំដែងការគួរសមជាមួយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំខេត្ត នៅសាលាខេត្តបន្ទាយមានជ័យ។

ក្នុងពិធីនេះ លោកប្រធានប្រតិភូ បានរាយការណ៍សង្ខេបអំពីប្រវត្តិសារបាន និងវឌ្ឍនភាព នៃសមាគមរាជសីហ៍ មានជាអាទិ៖
ទី១៖ ចុះបញ្ជីជាផ្លូវការ នៃសមាគមរាជសីហ៍នៅក្រសួងមហាផ្ទៃ ថ្ងៃទី៧ ខែ៨ ឆ្នាំ២០១៩ សមាជិក សមាជិកា សរុបជាង ៦ពាន់ អង្គ/នាក់
ទី២៖ មានសាខា២៤រាជធានី/ខេត្ត និងសាខាក្រៅប្រទេស៥ (ប្រទេសថៃ ជប៉ុន កូរ៉េ ម៉ាឡេស៊ី និងវៀតណាម
ទី៣៖ សមាគមបានចំណាយថវិកាចំនួន ១លាន និង៦ម៉ឺនដុល្លា លើសកម្មភាពមនុស្សធម៍ ផ្តល់ជូនគ្រួសារងាយរងគ្រោះ (ថវិកាបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកា)
ទី៤៖ សមាគមមានទំនាក់ទំនង និងបានទទួលជំនួយជាសម្ភារៈ សម្លៀកបំពាក់កីឡា និងគ្រឿងបរិក្ខារពេទ្យ ពីប្រទេសកូរ៉េ និងបារាំង
ទី៥៖ បានទទួលម៉ាស៊ីនចម្រោះទឹកស្អាតចល័តខ្នាតធំ២គ្រឿង នឹងបានផ្តល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីតំឡើងជូនប្រជាពលរដ្ឋប្រើប្រាស់នាពេលរងគ្រោះដោយទឹកជំនន់នាឆ្នាំ២០២០ សរុបជាទឹកប្រាក់ ១១មុឺនដុល្លារ។

ក្នុងឱកាសនេះដែរ លោកប្រធានប្រតិភូសមាគម បានគោរពថ្លែងអំណរគុណ និងសូមកោតសរសើរចំពោះ លោក និងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានយកចិត្តទុកដាក់ មើលថែ និងគាំទ្រសកម្មភាពមនុស្សធម៌សមាគមរាជសីហ៍ កន្លងមក ហើយលោកប្រធាន ស៊ូម សារឿន បានស្នើដល់លោក អ៊ុំ រាត្រី មេត្តាបន្តកិច្ចសហការ និងគាំទ្រ សកម្មភាពមនុស្សធម៌ទៅមុខទៀតឲ្យកាន់តែប្រសើរឡើង។

លោកប្រធានប្រតិភូ ជូនពរជ័យដល់លោកអភិបាល និងថ្នាក់ដឹកនាំខេត្ត នូវសិរីបវរប្រសើរ សុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

សមាគមរាជសីហ៍ សូមសំដែងការគាំទ្រ សម្តេចមហាអគ្គសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាព នាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រយ៉ាងពេញទំហឹង លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។

ក្នុងឱកាសនេះដែរ លោក អ៊ុំ រាត្រី បានសំដែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងក្រៃលែង ដែលសមាគមរាជសីហ៍ បានធ្វើសកម្មភាពមនុស្សធម៌ក្នុងតំបន់ភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ជាពិសេសជួយម៉ាស៊ីនចម្រោះទឹកស្អាតចល័តខ្នាតធំ ចំនួន២គ្រឿង ផ្តល់ជូលរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីតំឡើងជូនប្រជាពលរដ្ឋប្រើប្រាស់នាពេលរងគ្រោះដោយទឹកជំនន់នាឆ្នាំ២០២០។

លោកអភិបាលខេត្តបន្ទាយមានជ័យ បានបង្ហាញការគាំទ្រ និងកិច្ចសហការជាមួយសមាគមរាជសីហ៍ ឲ្យកាន់តែមានភាពប្រសើរជាងមុនបន្ថែមទៀត។ ជាមួយគ្នានេះដែរ លោកបានជូនពរប្រតិភូសមាគមរាជសីហ៍ មានសុវត្ថិភាពក្នុងការធ្វើដំណើរ មានសុខភាពល្អ មានសុភមង្គលក្នុងក្រុមគ្រួសារ និងទទួលបានជោគជ័យគ្រប់បេសសកម្មរបស់ខ្លួន៕