(សៀមរាប)៖ លោក អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈចលនាសាសនិកឥស្លាមខេត្ត លើកឡើងដូច្នេះ ក្នុងពិធីចុះជួបសំណេះសំណាល និងចែកជូនសម្ភារៈសិក្សាដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅសាលារៀនអាន់នៀនម៉ះ ក្នុងក្រុងសៀមរាប នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ពិធីនេះដែរ ក៏មានការចូលរួមពីលោក អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈចលនាសាសនិកឥស្លាមខេត្ត លោក ហ៊ា ហាវ ចៅសង្កាត់ស្វាយដង្គំ និងលោក សុខ រ៉ាយ៉ាន សាមាជិកគណៈចលនាខេត្ត និងជាជំនួយការសម្តេចពិជ័យសេនាទៀបាញ់ លោក ស្រេន​ សុព្រី​ ប្រធានគណចលនាសាសនិកឥស្លាមគណបក្សប្រជាជនកម្ពុជាក្រុងសៀមរាប​ ព្រមទាំងលោក លោកស្រី អនុប្រធាន សមាជិកគណៈចលនាខេត្ត សមាជិកសមាជិកាសមាគមសម្ព័ន្ធយុវជនជាច្រើននាក់ចូលរួមផងដែរ។

លោក អែល  សៀត បានពាំនាំនូវផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសរបស់រាជរដ្ឋាភិបាល ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូន ក៍ដូចជាលោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សជាសាសនិកឥស្លាមគ្រប់ពេលវេលាជានិច្ច។

លោក អែល សៀត ក៏បានលើកទឹកចិត្ត និងណែនាំដល់ក្មួយៗសិស្សានុសិស្សទាំងអស់អោយចេះតស៊ូ អត់ធ្មត់ នូវរាល់ការលំបាក ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីមានអនាគត ដើម្បីក្លាយជាយុវជនល្អ ទៅថ្ងៃអនាគត ជាពិសេសក្មួយៗត្រូវយកគម្រូតាមចាស់ៗជំនាន់មុន ដែលបានតស៊ូរាល់ការលំបាក ដើម្បីអនាគតខ្លួន គ្រួសារ និងសង្គមជាតិ ដោយបានចាកចោលស្រុកកំណើតទៅសិក្សានៅក្រៅប្រទេស ហើយបច្ចុប្បន្ននេះ អ្នកខ្លះក្លាយជាថ្នាក់ដឹកនាំ មន្រ្តីរាជការក្នុងក្រសួងងស្ថាប័ន និងជាគ្រូបង្រៀនផងដែរ។

លោក អែល សៀត ក្រើនរំលឹកដល់សិស្សានុសិស្សត្រូវយកចិត្តទុកដាក់សិក្សា ដើម្បីក្លាយជាធនធានមនុស្សដ៏ល្អ និងរួមចំណែកក្នុងការសង្គមជាតិ ឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ហើយសូមកុំយកពេលក្នុងវ័យសិក្សា ទៅបំផ្លាញចោល ដោយការប្រព្រឹត្តអំពើអបាយមុខ កាប់ចាក់គ្នាបងតូចបងធំ សេពគ្រឿងញៀន ដែលនាំមកនូវសេចក្តីវិនាសអន្តរាយ បំផ្លាញខ្លួនឯង បំផ្លាញគ្រួសារ និងសង្គមជាតិ ត្រូវញាំអាហារណាដែលមិនប៉ះពាល់សុខភាពជាពិសេសគឺនំនិងភេសជ្ជៈដែលលក់នៅតាមសាលាដែលក្រសួងអប់រំបានហាមឃាត់មិនអោយលក់ដល់សិស្ស ជាពិសេសរដូវនេះជារដូវភ្លៀងសូមប្អូនៗសិស្សានុសិស្សមានការប្រុងប្រយ័ត្នការពារមូសខ្លាខាំនាំអោយកើតជំងឺគ្រុនឈាមផងដែរ។

ជាមួយនេះដែរ សម្ភារសិក្សាដែលចែកជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរួមមាន៖ គម្ពីរអាល់គួរអានចំនួន ១០០ក្បាល សៀវភៅសសេរចំនួន ៤០០ក្បាល និងប៊ិចចំនួន ១០០ដើមផងដែរ៕