(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានថ្លែងបញ្ជាក់ថា ដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា ឈានឡើងជារៀងរាល់ថ្ងៃ ហើយកម្ពុជាកំពុងតែដំណើរការប្រជាធិបតេយ្យនីតិរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូចនេះនាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារបណ្ឌិត្យសភា ភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា សិស្សសារការី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «អ្វីដែលគួរកត់សម្គាល់ គឺពីមួយថ្ងៃទៅមួយថ្ងៃយើងឈានឡើងតាមតំណាក់ៗ ហើយយើងកំពុងតែដំណើរការប្រជាធិបតេយ្យនីតិរដ្ឋត្រូវចាំឱ្យច្បាស់អាពាក្យនឹង ប្រជាធិបតេយ្យដែលគ្មានការគោរពច្បាប់គឺអនាធិបតេយ្យ បើគិតតែពីការអនុវត្តន៍ច្បាស់ដោយមិនបើកសេរីភាពគឺវាផ្តាច់ការ ចឹងវាត្រូវអមដំណើរជាមួយគ្នារវាងប្រជាធិបតេយ្យនីតិរដ្ឋ»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា នៅលើពិភពលោកក៏គេកំពុងធ្វើដូចនេះដែរ គឺត្រូវឱ្យមានការគោរពច្បាប់ ពិភពលោកគឺគោរពច្បាប់ និងផ្អែកលើកច្បាប់ ហើយនៅក្នុងប្រទេសនីមួយៗ បើមិនមានច្បាប់គ្រប់គ្រងទេ នោះអ្នកខ្លាំងទៅបំពានអ្នកខ្សោយវានឹងកើតឡើង ដូចនេះត្រូវតែដំណើរការទៅជាមួយគ្នា ចូលរួមជាមួយគ្នា។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា កម្ពុជាបានចាប់ផ្តើមយ៉ាងពិបាកទម្រាំបានដូចសព្វថ្ងៃនេះ ដូចនេះត្រូវចូលរួមជាមួយគ្នា ជាមួយនឹងការរក្សាសន្តិភាពឱ្យខានតែបាន ទោះដើរដល់ដំណាក់កាលណាក៏ដោយ។

ជាមួយគ្នានោះសម្តេចតេជោ ក៏បានបន្ថែមដែរថា ការទទួលបានសញ្ញាបត្ររបស់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា សិស្សសារការី គឺជាធាតុផ្សំនៃដំណើរការតុលាការ និងដំណើរការយុត្តិធម៍ ហើយយើងក៏មិនត្រូវភ្លេចការបន្តធ្វើកំណែរទម្រង់ឱ្យបានជាប់ជាប្រចាំផងដែរ៕