(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យដោះស្រាយវិវាទផ្សេងៗ ក្រៅប្រព័ន្ធតុលាការ ប្រសើរជាងការប្ដឹងផ្ដល់គ្នារហូតឡើងដល់តុលាការ ដែលនាំឲ្យខាតទាំងពេលវេលា និងប្រាក់កាក់។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យ​សភា​ភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា សិស្សសារការី, សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ក្នុងករណីមានការប្ដឹងផ្ដល់គ្នាដល់តុលាការហើយនោះ គឺមានតែអ្នកឈ្នះ និងអ្នកចាញ់ប៉ុណ្ណោះ ហើយអ្នកឈ្នះតែងថាតុលាការយុត្តិធម៌ តែអ្នកចាញ់ថាអយុត្តិធម៌។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមរំលឹកឡើងវិញ លើកទឹកចិត្តឲ្យមានការសម្របសម្រួលគ្នាក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមពីផ្នែកយុត្តិធម៌របស់យើង ពីមេធាវីមិនរកប្រាក់កម្រៃ ហើយពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលមានការពាក់ព័ន្ធ ដែលជាវិធីសាស្ដ្រដោះស្រាយបញ្ហា ជៀសវាងបាននូវការប្រឈមនានាដែលនឹងកើត»

ត្រង់ចំណុចនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា ការជំរុញឲ្យសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ ទំនងមេធាវីដែលរកប្រាក់កម្រៃមិនសប្បាយចិត្តនោះទេ ព្រោះមេធាវីត្រូវការឲ្យមានបណ្ដឹងច្រើនដើម្បីការពារក្ដី ហើយទទួលបានកម្រៃសេវានៃការការពារ ប៉ុន្ដែសម្ដេចបញ្ជាក់ថា ការសម្របសម្រួលក្រៅប្រព័ន្ធតុលាការខ្លះ ក៏អាចមានមេធាវីចូលរួមដែរ។

គួរជម្រាបថា កន្លងទៅនេះតាមរយៈការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែបានខិតខំដោះស្រាយវិវាទផ្សេងៗរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន ក្រៅប្រព័ន្ធតុលាការផងដែរ។ វិវាទដែលយើងតែងឃើញមានការសម្របសម្រួលក្រៅប្រព័ន្ធតុលាការនោះ គឺភាគច្រើនរឿងជំនាស់ដីធ្លី និងជំនាស់ក្នុងក្រុមគ្រួសារ។

សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា ក្នុងករណីមានការប្ដឹងផ្ដល់គ្នាដល់តុលាការហើយនោះ ច្បាស់ណាស់នឹងមិនមានអ្នកចំណេញនោះទេ ដោយភាគីនីមួយៗខាតបង់ទាំងពេលវេលាក្នុងការដំណើរការរឿងក្ដី និងខាតបង់ថ្លៃសេវាផ្សេងៗ រួមទាំងការធ្វើដំណើរទៅមកមកកន្លែងដែលជំនុំជម្រះក្ដីជាដើម៕