(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ សកម្មជនដ៏សកម្មរបស់គណបក្សភ្លើងទៀន ចំនួន២២នាក់ នៅភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួង នៃខេត្តត្បូងឃ្មុំ បានសម្រេចចិត្តទម្លាក់ស្លាកផ្លាកគណបក្សភ្លើងទៀន ចេញពីមុខផ្ទះរបស់ ឈ្មោះ នៅ ស៊ីម ភេទស្រី អាយ៧៥ឆ្នាំ។

ការសម្រេចទម្លាក់ស្លាកគណបក្សភ្លើងទៀន ចេញពីមុខផ្ទះ ដោយសារតែពួកគាត់អស់ជំនឿលើគណបក្សភ្លើងទៀនទៀត ព្រមទាំងបានប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សភ្លើងទៀន មកសុំរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាចាប់ពីថ្ងៃនេះតទៅ។

សកម្មជនដ៏សកម្មរបស់គណបក្សភ្លើងទៀន ដែលសម្រេចមកចូលរួមជាមួយបក្សប្រជាជនកម្ពុជា បានលើកបង្ហាញថា ហេតុផលដែលនាំឱ្យពួកគេសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារបានមើលឃើញច្បាស់ពីគុណតម្លៃ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំកសាង និងអភិវឌ្ឍទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។

បន្ថែមពីលើនោះ ពួកគាត់យល់ឃើញថាគណបក្សភ្លើងទៀននៅតែបន្តនយោបាយប្រជាភិថុតិដែលជាសំណល់មកពីអតីតគណបក្សសមរង្ស៉ី បង្ករអរិយភាពក្នុងសង្គម នាំសកម្មជន ដឹកនាំបក្សពីមានបក្សរហូតដល់គ្មានបក្ស មិនបានបំពេញឱ្យបានត្រឹមត្រូវនូវគ្រប់លក្ខខណ្ឌ ដែលតម្រូវដោយច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ព្រមទាំងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតសម្រាប់ការ ចុះឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ហើយគ្មានគោលនយោបាយល្អណាមួយក្នុងការធ្វើឱ្យចម្រើនដល់សង្គមជាតិនោះឡើយ៕