(ព្រះវិហារ)៖ សមាគមនអតីតយុទ្ធជនកម្ពុជាខេត្ដព្រះវិហារ​ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំពិធី​សំណេះសំណាល​ និង​បំពាក់​មេដាយ​ជូន​បងប្អូនអតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​ព្រះវិហារ​ ចំនួន​១០៦នាក់​ មកពីបណ្ដាឃុំ​នានា នៃ​ស្រុក​ត្បែងមានជ័យ​ ក្រោមវត្តមានលោកឧត្ដម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ និងជា​ប្រធានសមា​គមអតីតយុទ្ធជនកម្ពុជាខេត្ដ នៅទីបញ្ជាការផ្នែកសឹករងស្រុកត្បែងមានជ័យ។

នៅក្នុង​ឱកាស​នោះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនបងប្អូនអតីតយុទ្ធជនកម្ពុជាដែលមានវត្តមាននៅទីនេះ ក៏ដូចជាបងប្អូនអតីតយុទ្ធជនកម្ពុជាទូទាំងខេត្តព្រះវិហារផងដែរ។

ជាក់ស្តែងថ្ងៃនេះ បងប្អូនអតីតយុទ្ធកម្ពុជារបស់យើងនៅស្រុកត្បែងមានជ័យ បានទទួលការបំពាក់មេដាយលើកទឹកចិត្ត ក្រោមការគិតគូរដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការទូលថ្វាយព្រះមហក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំប្រទាននូវគ្រឿងឥស្សរិយយស មកបំពាក់ជូនបងប្អូនយើងនាពេលនេះ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតអស់ពីដួងចិត្ត ចំពោះបងប្អូនអតីតយុទ្ធជនកម្ពុជារបស់យើង ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ការពារជាតិមាតុភូមិ រហូតប្រទេសជាតិទទួលបានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យនាពេលបច្ចុប្បន្ននេះ។

លោកឧត្តមសេនីយ៍ទោប្រធានសមាគមអតីយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ក៏បានបំពាក់មេដាយជូនបងប្អូនអតីតយុទ្ធជនកម្ពុជារបស់យើង និងបាននាំថវិកាដែល​ជាអំណោយ​ដ៍ថ្លៃថ្លា​របស់​ សម្តេច​តេជោ​ ហ៊ុន​ សែន​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ចែកជូនបងប្អូនអតីតយុទ្ធកម្ពុជារបស់យើង ក្នុង​ម្នាក់ៗ​ទទួល​បានថវិកា​ចំនួន​ ៥០,០០០រៀល​ផងដែ​រ៕