(ភ្នំពេញ)៖ សិក្ខាកាមចំនួន ៦០រូប ក្នុងនោះស្ត្រី១៥រូប បានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្ហាត់ និងមន្រ្តី គ.ជ.ប ស្តីពី ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

ពិធីបិទសិក្ខាសាលានេះ បានធ្វើឡើងក្រោមវត្តមាន លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប។ ​សិក្ខាសាលានេះបានរៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។

នាឱកាសនោះដែរ លោក ទេព នីថា សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញ អគ្គនាយកដ្ឋានទាំងអស់ និងសិក្ខាកាមទាំងអស់ ដែលបានសហការ និងចូលរួមយ៉ាងសកម្ម ធ្វើឱ្យដំណើរការវគ្គបណ្តុះបណ្តាលរយៈពេល ៥ថ្ងៃនេះ ប្រព្រឹត្តទៅដោយរលូន ស្របតាមផែនការ និងប្រតិទិនដែលបានកំណត់។

លោកបានបន្តថា ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលនៃវគ្គបណ្តុះបណ្តាលរបស់នាយកដ្ឋានជំនាញ ឃើញថាសិក្ខាកាមទាំងអស់មានការយល់ដឹងអំពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោតល្អប្រសើរ ដែលកត្តានេះបានបង្ហាញពីភាពវិជ្ជមានសម្រាប់គ្រូបង្ហាត់ និងមន្រ្តី គ.ជ.ប ដែលមានភារកិច្ចត្រូវអនុវត្ត និងផ្ដល់ការបណ្ដុះបណ្ដាលបន្តដល់មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធឱ្យមានការយល់ដឹងកាន់តែច្បាស់បន្ថែមទៀតអំពីនីតិវិធីនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត ដើម្បីចូលរួមសហការ និងអនុវត្តតាមភារកិច្ចរៀងខ្លួន សំដៅជំរុញ និងធានាឱ្យការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះទទួលបានជោគជ័យ ស្របតាមគោលការណ៍នៃ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងច្បាប់ស្តីពីការបោះឆ្នោតជាធរមាន។

ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយទៀត គ.ជ.ប តែងតែបានរៀបចំ សន្និបាតបូកសរុបការងារបោះឆ្នោត ដើម្បីពិភាក្សាជាមួយតួអង្គសំខាន់ៗពាក់ព័ន្ធនឹងការបោះឆ្នោត ដែលរួមមានមន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ក្រសួងស្ថាប័នជាតិពាក់ព័ន្ធ អាជ្ញាធរ ដែនដី តំណាងគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជំនាញការបរទេស ដើម្បីកំណត់បញ្ហាប្រឈម និងរកដំណោះស្រាយសមស្របដើម្បីធ្វើការកែលម្អ និងកែទម្រង់ការងារបច្ចេកទេសបោះឆ្នោត ឱ្យកាន់តែល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព សុក្រឹតភាព និងតម្លាភាព។

អគ្គលេខាធិការ គ.ជ.ប បានឱ្យដឹងថា នៅក្រោយការបោះឆ្នោត ឆ្នាំ២០១៣ គណបក្សនយោបាយដែលមានអាសនៈក្នុងរដ្ឋសភាបានព្រមព្រៀងធ្វើការ កែទម្រង់ស៊ីជម្រៅទាំងលើទិដ្ឋភាពច្បាប់ ទិដ្ឋភាពបច្ចេកទេស និងស្ថាប័នរៀបចំការបោះឆ្នោត ដោយបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដាក់បញ្ចូលស្ថាប័ន គ.ជ.ប ទៅក្នុងជំពូកទី១៥ថ្មី (ពីរ) ព្រមទាំងបានអនុម័តច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាបន្តបន្ទាប់។

លោក ទេព នីថា ក៏បានជម្រាបជូនអំពីដំណើរការនៃការរៀបចំបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ថាមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប បានចាប់ផ្តើមរៀបចំសេចក្តីព្រាងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតនេះតាំងពីខែសីហា ឆ្នាំ២០២២ និងបានដាក់ឆ្លងកិច្ចប្រជុំកម្រិតបច្ចេកទេស និងកម្រិតថ្នាក់ដឹកនាំ គ.ជ.ប ជាច្រើនលើកច្រើនសារ។

លោកបានបញ្ជាក់ថា គ្រប់នីតិកាលនៃការបោះឆ្នោត និងគ្រប់ដំណាក់កាលនៃការបោះឆ្នោត គ.ជ.ប តែងតែយកចិត្តទុកដាក់លើការងារកសាង និងពង្រឹងសមត្ថភាពមន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធអំពីនីតិវិធីដែលត្រូវអនុវត្ត តាមរយៈការបើកវគ្គបណ្តុះបណ្តាលនៅគ្រប់កម្រិត ដែលរួមមានវគ្គបណ្តុះបណ្តាលនៅថ្នាក់ គ.ជ.ប វគ្គបណ្តុះបណ្តាលបន្តនៅថ្នាក់រាជធានី ខេត្ត នៅតាមមណ្ឌលប្រមូលផ្តុំតាមក្រុង ស្រុក ខណ្ឌ និងនៅថ្នាក់ឃុំ សង្កាត់។

វគ្គបណ្តុះបណ្តាលនាពេលនេះ គឺជាវគ្គបណ្តុះបណ្តាលក្នុងដំណាក់កាលបោះឆ្នោត រាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផលនៃការបោះឆ្នោត នៅថ្នាក់ គ.ជ.ប លើកទី១ ជូនដល់គ្រូបង្ហាត់ និងមន្រ្តី គ.ជ.ប ហើយដែលវគ្គនេះមានលក្ខណៈពិសេស និងខុសប្លែកពីវគ្គមុនៗ ដោយមានការចូលរួមធ្វើបទបង្ហាញពីគ្រូឧទ្ទេស ដែលជាមន្រ្តីជំនាញទទួលបន្ទុកលើការងារនោះផ្ទាល់ ព្រមទាំងមានការបង្ហាញ និងការអនុវត្តលើកម្មវិធីដែល គ.ជ.ប បានដាក់ឱ្យប្រើប្រាស់ និងការសម្តែងតួជាដើម៕