(កំពង់ចាម)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបញ្ចុះសព ឧកញ៉ាមហាសប្បុរសធម្មសិរីញ្ញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៉ី នៅវត្តខេមវ័ន (ហៅវត្តបឹងស្នាយ) ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។

ឧកញ៉ា មហាសប្បុរសធម្មសិរីញ្ញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៉ី ត្រូវជាឪពុកបង្កើតរបស់លោក ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល កើតនៅថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ ឯកស័ក ព.ស.២៤៧៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ១៩២៩ នៅភូមិរអាង ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ១៣ កើត ខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។

ក្នុងពិធីនោះផងដែរ ក៏មានការនិមន្ត និងយាងចូលរួមពីសំណាក់សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេង, សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា, សម្ដេចព្រះពុទ្ធជ័យ មុនី ឃឹម សន, លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី, លោកស្រី ហ៊ុន សេងនី, លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត, លោក អ៊ុន ចាន់ដា រួមជាមួយនឹងញ្ញាតិមិតជិតឆ្ងាយនៃសព បានចូលរួមយ៉ាងច្រើនកុះករ។

សម្តេចកិត្តិសង្គហបណ្ឌិត បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧកញ៉ាមហាសប្បុរសធម្មសិរីញ្ញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៉ី សូមឆាប់បានចាប់កំណើត ក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ភរិយា កូនចៅ និងញាតិមិត្តជិតឆ្ងាយទំាងអស់ មានក្តីក្តុកក្ដួល រន្ធត់ចិត្តឥតឧបមាដោយទទួលចំពោះរមណភាព ឧកញ៉ា មហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៉ី។
មរណភាពឧកញ៉ា ជាការបាត់បង់នូវបិតាបង្កើត បិតាក្មេក និងជីតាជាទីគោរពស្រឡាញ់បំផុតប្រកបដោយព្រហ្មវិហារធម៌សព្វគ្រប់បែបយ៉ាង និងបានលះបង់បូជាកម្លំាងកាយ កម្លំាងចិត្ត ប្រាជ្ញាស្មារតី ក្នុងការបីបាច់ថែរក្សាបុត្រា បុត្រី ចៅប្រុសចៅស្រី ឱ្យក្លាយជាពលរដ្ឋល្អ ជាបញ្ញាវ័ន្តនិងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។

យើងខ្ញុំទំាអស់គ្នា សូមឧទ្ទិសបួងសួងដល់ដូងវិញ្ញាណក្ខន្ធរបស់ ឧកញ៉ា មហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអុី សូមបានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

លោក ចាយ បូរិន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនប្រគេនសម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ដែលបាននិមន្តជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់នាឱកាសនេះ និងបានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវ កិត្តិយស និងបងប្អូន ញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានឆ្លៀតយកពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងពិធីបុណ្យ បញ្ចុះសពលោកឪពុកឯកឧត្តម ខ្ញុំបាទ នាឱកាសនេះ។

ព្រះវត្តមានយាង និមន្ត និងវត្តមានអញ្ជើញចូលរួម ជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់ ជាអធិបតីដ៏ខ្ពង់ខ្ពស់ គោរពវិញ្ញាណក្ខន្ធ ឬបានចាត់គណៈប្រតិ ភូមកគោរពវិញ្ញាណក្ខន្ធ ផ្ញើសារចូលរួមរំលែកទុក្ខ ជាភ្ញៀវកិត្តិយស ព្រមទាំងជួយរៀបចំ ពិធីបុណ្យ និងបញ្ចុះសព ឧកញ៉ាមហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអុី ដែលត្រូវជាឧត្តមឯកឧត្តម ពិតជាបង្ហាញឱ្យឃើញពីព្រះហឫទ័យសណ្តានចិត្ត និងមនោសញ្ចេតនាស្រឡាញ់ រាប់អាន យ៉ាងជ្រាលជ្រៅ ចំពោះខ្ញុំព្រះករុណា ខ្ញំបាទ យើងខ្ញុំទាំងអស់គ្នា និងបានធ្វើឱ្យពិធីបុណ្យ អាចប្រព្រឹត្តិទៅយ៉ាងរលូន និងប្រកបដោយភាពអធិកអធម តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា៕