(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ បានសំណូមពរដល់អត្តពលិកទាំងអស់ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវបន្តត្រៀមខ្លួនបន្ថែមទៀត ដើម្បីចូលរួមការពារមេដាយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះ បើទោះបីជានៅរយៈពេល២ឆ្នាំទៀតក៏ពិតមែន ប៉ុន្តែត្រូវយកចិត្តទុកដាក់រៀបចំ និងត្រៀមនូវប្រភេទកីឡា ក៏ដូចជាវិញ្ញាសាដែលត្រូវប្រកួតឲ្យហើយ។

ការណែនាំរបស់សម្តេចក្រឡោហោម ស ខេង ធ្វើឡើងក្នុងឱកាសអញ្ជើញពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី និងបំពាក់ឋានន្តរស័ក្តិ ដល់មន្រ្តីនគរបាលជាតិ ដែលជាកីឡាករ កីឡាការិនី ជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានសម្ដែងនូវគារវកិច្ចគោរពសម្តេចក្រឡាហោម និងសម្ដែងនូវក្ដីរីករាយ ដែលសម្តេចបានចំណាយពេលវេលាដ៏មានតម្លៃ ផ្ដល់កិត្តិយសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលប្រកបដោយអត្ថន័យនាឱកាសនេះ។

ក្នុងឱកាសដ៏វិសេសវិសាលនោះដែរ លោកអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសម្ដែងនូវការដឹងគុណ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្តេចក្រឡាហោម ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ លើកទឹកចិត្ត ជួយឧបត្ថម្ភគាំទ្រ ទាំងសម្ភារនិងថវិកា ដល់យើងខ្ញុំទាំងអស់គ្នា លើគ្រប់វិស័យកីឡា។

សម្ដេចក្រឡាហោម ស ខេង បានសម្ដែងក្ដីសោមនស្សរីករាយ ដែលបានមកជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលជាជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ។

សម្ដេចក្រឡាហោម បានចាត់ទុកលទ្ធផល ដែលទទួលបាននៅពេលនេះ គឺជាមោទនភាពដ៏ធំធេង ដោយមិនមែនសម្រាប់តែក្រសួងមហាផ្ទៃប៉ុណ្ណោះទេ ប៉ុន្តែវាជាកិត្តិយសរបស់សង្គមជាតិទាំងមូល ដែលកីឡាករ កីឡាការិនី ក្រសួងមហាផ្ទៃ បានចូលរួមប្រកួតប្រជែង និងដណ្ដើមបានមេដាយ ជាមួយកំណត់ត្រាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។

បន្ថែមលើសនេះ សម្តេចក្រឡាហោម ក៏បានថ្លែងនូវការកោតសរសើរ ដោយស្មោះដល់ថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ទាំងអស់ដែលបានខិតខំប្រឹងប្រែងដណ្ដើមមេដាយជូនជាតិ និងបានជូនពរដល់អត្តពលិកទាំងអស់ជួបតែសេចក្តីសុខ សុខភាពល្អ ដើម្បីបន្តដណ្តើមមេដាយយកកិត្តិយសជូនជាតិនៅក្នុងព្រឹត្តិការណ៍ប្រកួតលើកក្រោយៗទៀត។

ក្នុងពិធីនោះដែរ សម្តេច ក៏បានផ្តល់ជាអនុសាសន៍មួយចំនួនដល់អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដូចខាងក្រោម៖

១៖ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រថៃ ថ្នាក់ដឹកនាំ ក៏ដូចជាប្រតិភូ និងគ្រូបង្វឹក នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវយកចិត្តទុកដាក់ត្រៀមឲ្យហើយ នូវប្រភេទកីឡាដែលមានស្រាប់ហើយមានសក្តានុពល ត្រូវបញ្ជូនអត្តពលិកទៅចូលរួមប្រកួត ទន្ទឹមនឹងនោះ ក៏ត្រូវធ្វើការយកចិត្តទុកដាក់ និងពង្រឹងបន្ថែមនូវប្រភេទកីឡាណា ដែលចាំបាច់ ហើយចំពោះមុខនៅពុំទាន់មានសមត្ថភាពរឹងមាំ នោះយើងក៏ត្រូវខិតខំពង្រឹងបន្ថែមផងដែរ។

២៖ កីឡាករ កីឡាការិនីទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អប្រសើរ ដើម្បីហ្វឹកហាត់ឲ្យបានជាប់ជាប្រចាំ ពង្រឹងសមត្ថភាព គុណភាពរបស់ខ្លួន ត្រៀមខ្លួនយកជ័យជម្នះ ពីព្រឹត្តិការណ៍នានា បន្តទៀតចំពោះមុខដូចជាៈ ព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គីភ័យពិភពលោក (World Police & Fire Games) លើកទី២០ ឆ្នាំ២០២៣ នៅទីក្រុង Winnipeg ប្រទេសកាណាដា ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ និងការប្រកួតកីឡាជាតិ ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិជាដើម ឲ្យទទួលបានលទ្ធផលល្អប្រសើរ។

៣៖ ចំពោះកីឡាករ កីឡាការិនី ដែលត្រូវបានបំពាក់ឋានន្តរស័ក្តិពេលនេះ ត្រូវបន្តការខិតខំប្រឹងប្រែងធ្វើការហ្វឹកហាត់ពង្រឹងគុណភាព សមត្ថភាពរបស់ខ្លួនបន្ថែមទៀត ជាពិសេស ត្រូវចៀសវាងពីការប្រព្រឹត្តិនូវទង្វើរ មិនគួរគប្បីផ្សេងៗ និងត្រូវចៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន ។

៤៖ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវរៀបចំចងក្រងជាឯកសារ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ ដើម្បីរក្សាទុកនៅទីស្តីការក្រសួងមហាផ្ទៃ សម្រាប់ជាប្រវត្តិសាស្រ្ត និងស្នាដៃ របស់កងកម្លាំងនគរបាលជាតិ ក្នុងការចូលរួមព្រឹត្តិការណ៍កីឡា។

៥៖ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវសហការជាមួយ ប្រទេសដៃគូ និងវិស័យឯកជននានា ដើម្បីអភិវឌ្ឍមូលដ្ឋាន និងបច្ចេកទេសកីឡារបស់ខ្លួន ឲ្យមានវឌ្ឍនភាព និងប្រកបដោយគុណភាព ។

៦៖ គ្រប់អគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាន នាយកដ្ឋាន អង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រូវបន្តយកចិត្តទុកដាក់ ចូលរួមគាំទ្រ និងលើកស្ទួយដល់វិស័យកីឡាក្រសួងមហាផ្ទៃបន្ថែមទៀត ទៅតាមលទ្ធភាពរៀងៗខ្លួន។

សូមជម្រាបថា ក្នុងឱកាស នៃពិធីសំណេះសំណាលនោះ សម្តេចក្រឡាហោម ក៏បានផ្តល់នូវប្រាក់ឧបត្ថម្ភដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ដែលជាជ័យលាភី សរុបចំនួន ២២០លាន និង៨សែនរៀល ហើយសម្តេចបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ អញ្ជើញបំពាក់ឋាន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិចំនួន ៣០រូបនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលជាកីឡាករ កីឡាការិនី ដណ្ដើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធជូនជាតិមាតុភូមិ ពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ផងដែរ។

សូមរម្លឹកជូនផងដែរថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាចូលរួមប្រកួតលើទឹកដីរបស់ខ្លួនជាប្រវត្តិសាស្ត្រនេះ កម្ពុជាដណ្ដើមបានមេដាយសរុប ២៨២គ្រឿង (មាស ៨១ ប្រាក់ ៧៤ និងសំរឹទ្ធ ១២៧)។ ក្នុងចំណោមនោះ អត្តពលិកមកពីអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រួមចំណែកដណ្តើមមេដាយសរុបបានចំនួន ១៣២គ្រឿង (មាស ៣៥ ប្រាក់ ៣៤ និងសំរឹទ្ធ ៦៣) ពោលគឺស្មើនឹង ៤៦.៨០ភាគរយ នៃមេដាយសរុប៕