(កណ្ដាល)៖ ក្នុងពិធីប្រកាសជយលាភី និងប្រគល់ពានរង្វាន់ សម្រាប់ការប្រឡងប្រណាំង ផ្ទៃក្នុងខេត្ត «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន ខេត្តកណ្តាល ឆ្នាំ២០២២ នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអបអរសាទរឃុំដំណាក់អំពិល នៃស្រុកអង្គស្នួល និងភូមិតាក្តុល នៃក្រុងតាខ្មៅ ទទួលបានជយលាភីលេខ១ សម្រាប់ការប្រឡងប្រណាំង ផ្ទៃក្នុងខេត្តក្នុងវិស័យបរិស្ថាន។

លោកអភិបាលខេត្តកណ្ដាល បានឱ្យដឹងថា កម្មវិធីប្រឡងប្រណាំងផ្ទៃក្នុងខេត្តស្តីពី «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន គឺឈរលើមូលដ្ឋានវាយតម្លៃ និងដាក់ពិន្ទុផ្នែកលើលក្ខណៈវិនិច្ឆ័យចំនួន០៣ សូចនាករ ចំនួន១០ មធ្យោបាយផ្ទៀងផ្ទាត់ចំនួន ៩១ចំណុច ព្រមទាំងមាននីតិវិធី និងដំណើរការនៃការជ្រើសរើសជយលាភីចំនួន ០៥ជំហាន។

លោកអភិបាលខេត្ត បានបន្តថា ក្រសួងបរិស្ថានបានរៀបចំការប្រឡងប្រណាំង ស្ដីពី «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន ដោយផ្អែកលើលក្ខណៈសម្បត្តិទី៦ គឺមានអនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ ដែលកម្មវិធីនេះបានរៀបចំឡើងក្នុងគោលបំណងដើម្បីគាំទ្រ និងអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្ដល់តម្លៃ និងលើកទឹកចិត្តដល់ភូមិ-ឃុំ-សង្កាត់ ដែលអនុវត្តបានល្អនូវលក្ខណៈសម្បត្តិទី៦ នៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» តាមគោលការណ៍ណែនាំស្តីពីការ ប្រឡងប្រណាំង ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងវិស័យបរិស្ថាន ឆ្នាំ២០២២។

លោកអភិបាលខេត្ត បានជំរុញដល់ភូមិ-ឃុំ-សង្កាត់ ដែលទទួលបានជយលាភីទាំងអស់ត្រូវយកចិត្តទុកដាក់ សហការជាមួយរដ្ឋបាលក្រុង ស្រុកនីមួយៗ ដើម្បីត្រៀមលក្ខណៈបានពេញលេញ ក្នុងការចូលរួមកម្មវិធីប្រឡងប្រណាំងថ្នាក់ជាតិ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថានឆ្នាំ២០២៣ ដែលរៀបចំដោយក្រសួងបរិស្ថាននាពេលខាងមុខ។

លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល បានឱ្យដឹងថា ភូមិ-ឃុំ-សង្កាត់ ដែលឈ្នះការប្រកួតប្រជែងក្នុងកម្មវិធីប្រឡងប្រណាំងថ្នាក់ខេត្ត ស្ដីពី «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន បានលើ៖ ឃុំដំណាក់អំពិល នៃស្រុកអង្គស្នួល ទទួលបានជយលាភីលេខ១ ទទួលបានពាន១ បណ្ណសរសើរ១ អមដោយប្រាក់រង្វាន់ ៥លានរៀល។ ឃុំភូមិធំ នៃស្រុកកៀនស្វាយ ទទួលបានជយលាភីលេខ២ ទទួលបានពាន១ បណ្ណសរសើរ១ អមដោយប្រាក់រង្វាន់ ៣លានរៀល។ ឃុំបាក់ដាវ នៃស្រុកខ្សាច់កណ្តាល ទទួលបានជយលាភីលេខ៣ ទទួលបានពាន១ បណ្ណសរសើរ១ អមដោយប្រាក់រង្វាន់ ២លានរៀល។ ភូមិតាក្តុល នៃសង្កាត់តាក្តុល ក្រុងតាខ្មៅ ទទួលបានជយលាភីលេខ១ ទទួលបានពាន១ បណ្ណសរសើរ១ អមដោយប្រាក់រង្វាន់ ៣លានរៀល។ ភូមិមេបាន់ នៃឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ទទួលបានជ័យលាភីលេខ២ ទទួលបានពាន១ បណ្ណសរសើរ១ អមដោយប្រាក់រង្វាន់ ២លានរៀល។ ភូមិក្បាលស្ពាន នៃឃុំភ្នំបាត ស្រុកពញាឭ ទទួលបានជ័យលាភីលេខ៣ ទទួលបានពាន១ បណ្ណសរសើរ១ អមដោយប្រាក់រង្វាន់ ១លានរៀល៕