(ព្រៃវែង)៖ ពិធីបុណ្យឡើងអ្នកតាមេ.ស គឺជាពិធីបុណ្យមួយដែលប្រជាពលរដ្ឋ ក៏ដូចជារដ្ឋបាលស្រុកបាភ្នំបានរៀបចំធ្វើពិធីបុណ្យនេះឡើងជារៀងរាល់ឆ្នាំ ហើយក៏ជាបុណ្យមួយដ៏ធំសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកបាភ្នំទាំងមូលផងដែរ។ ចំពោះការប្រារព្ធធ្វើនេះ ពលរដ្ឋមានជំនឿជឿជាក់ទៅលើមហិទ្ធិឫទ្ធិរបស អ្នកតាមេ.ស ទើបធ្វើឲ្យប្រជាពលរដ្ឋនាំគ្នាចូលរួមដើរលេងកម្សាន្តយ៉ាងច្រើនកុះករ។ ពិធីនេះប្រារព្ធធ្វើឡើងក្នុងរយៈពេល៣ថ្ងៃ ចាំពីថ្ងៃទី២រហូតដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។

បើយោងតាមលោកតាៗចាស់ព្រឹទ្ធាចារ្យនៅទីនោះ បានរៀបរាប់ថា ក្នុងប្រពៃណីទំនៀមទម្លាប់ដែលធ្លាប់មានសម្រាប់អ្នកស្រុកបាភ្នំ ខេត្តព្រៃវែង គេឃើញមានពិធីឡើងអ្នកតាមេ.សរៀងរាល់ឆ្នាំ ដែលអ្នកស្រុកចាត់ទុកថា អ្នកតាមេ.សមានមហិទ្ធិឫទ្ធិដ៏ខ្លាំងពូកែជាងគេ។

ពិធីឡើងអ្នកតានេះ ត្រូវបានខកខានដោយភ្លើងសង្គ្រាមចាប់តាំងពីឆ្នាំ១៩៧០ ហើយត្រូវបានអនុវត្តឡើងវិញដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅឆ្នាំ១៩៩៤។

ឈ្មោះមេស គឺត្រូវបានគេហៅតាំងតែពីបុរាណកាលមកម្លេះ ហើយដែលសព្វថ្ងៃនេះហាក់ដូចជានៅមានអាថ៌កំបាំងនៅឡើយ (ពាក្យថា អ្នកតាមេស មានន័យថា អ្នកតាតំណាងឲ្យប្តី ឈ្មោះ គិរី ផល ឬឯប្រពន្ធ័ឈ្មោះ មេស)។ មូលហេតុដែលបណ្តាលឲ្យមានជំនឿលើអ្នកតានេះ ព្រោះគេជឿថា ដូនតាក្រោយពីស្លាប់ទៅពិតជាបានក្លាយទៅជាម្ចាស់ទឹកដី ឬម្ចាស់ស្រុក ចាំបីបាច់ថែរក្សាផ្តល់សេចក្តីសុខសប្បាយដល់ពលរដ្ឋនៅមូលដ្ឋាន។

លោកតាអាចារ្យបានប្រាប់ បន្ថែមទៀតថា ពិធីនេះប្រារព្ធជារៀងរាល់ឆ្នាំ គឺក្នុងខែមិថុនា (ខែ៦)ចំពោះការប្រារព្ធធ្វើពិធីបុណ្យឡើយអ្នកតាមេសនេះដែរ គឺដើម្បីសុំសេចក្តីសុខចម្រើនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកបាភ្នំក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា និងជាការនឹករលឹកដល់គុណណូបការៈគុណ អ្នកតា មេ សរ ដែលគាត់ជាអ្នកមានបារមី មហិទ្ធិឫទ្ធិ ខ្លាំងពូកែ នៅទីនេះ ឲ្យគាត់ជួយ ឃុំគ្រងដល់ប្រជាពលរដ្ឋនៅក្នុងស្រុកបាភ្នំនេះផងដែរ ហើយមួយទៀត គឺសុំទឹកភ្លៀង សម្រាប់បងប្អូនប្រជាប្រើនៅក្នុងស្រុកបាភ្នំ មានភ្លៀងគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋបង្ករបង្កើនផល និងទទួលបានទិន្នផលខ្ពស់គ្រប់ៗគ្នាផងដែរ។

សូមបញ្ជាក់ថា បុណ្យនេះកាលនៅសម័យបុរាណគឺគេប្រារព្ធបូជា ដោយមនុស្ស (គឺជាមនុស្សដែលមានទោសប្រហាជីវិត) បន្តមកគេប្រារព្ធបូជា ដោយក្របី បន្តមកទៀតគេបូជា ជ្រូកជំនួសវិញ៕