(សៀមរាប)៖ កញ្ញា Christel Griffioen នាយិកការប្រចាំកម្ពុជា របស់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានឱ្យដឹងថា មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ដែលមានទីតាំងនៅក្បាលស្ពាន ក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣។

ថ្លែងប្រាប់ក្នុងអ្នកសារព័ត៌មាននាឱកាសចុះធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣, នាយិកការ ACCB បានបញ្ជាក់ថា៖ «គិតចាប់ពីឆ្នាំ២០១៥ មកដល់បច្ចុប្បន្ន ACCB បានបង្កាត់ពូជសត្វព្រៃកម្រ និងជិតផុតពូជបានចំនួន ១២ប្រភេទ ដោយក្នុងនោះមានប្រភេទសត្វល្មូតប្រភេទអណ្តើកចំនួន៦ប្រភេទ និងប្រភេទបក្សចំនួន ៦ប្រភេទ។ បន្ថែមពី​មជ្ឈមណ្ឌល បាននឹងកំពុងអភិរក្សសត្វព្រៃចំនួន ៣០ប្រភេទទៀត ដែលមានចំនួនស្មើនឹង ៩០០ក្បាល»

កញ្ញា Christel Griffioen បានបន្តថា សត្វព្រៃដែលយើងបានបង្កាត់ពូជមានច្រើន ប៉ុន្តែ ខ្ញុំសុំលើកពីរប្រភេទសំខាន់ៗមានដូចជា៖ ការបង្កាត់ពូជត្រយងកង្កំក-ស ដែលយើងទើបទទួលបានជោគជ័យនៅឆ្នាំ២០២៣នេះ ហើយយើងក៏មានការបង្កាត់ពូជសត្វខ្សឹប ក្រៅពីហ្នឹងក៏មានអណ្តើកហ្លូង ដែលជាប្រភេទល្មូនតំណាងជាតិ និងមានអណ្តើកព្រេក ឬអណ្តើកភ្នំ, អណ្តើកបិទមុខ, អណ្តើកតោង និងណ្តើកផ្សេងៗទៀត»

​កញ្ញា​​ Christel Griffioen បាន​បន្ថែម​ថា ប្រភេទសត្វកម្រដែលជិតផុតពូជទាំងនោះត្រូវបានក្រុមការងារប្រមូលពង ក៏ដូចជាសត្វដែលមានបញ្ហាមកពីតំបន់ធម្មជាតិដែលរងរបួសពីការប្រមាញ់ ដើម្បីយកមកធ្វើការព្យាបាល បង្កាត់ពូជ ឱ្យមានចំនួនច្រើន និងលែងចូលក្នុងល្បាយប្រជាសាស្ត្រប្រភេទសត្វកម្រដែលការពារមិនឱ្យផុតពូជ។

ឆ្លើយតមនឹងសំណួរអ្នកសារព័ត៌មាន កញ្ញា​​ Christel Griffioen បានគូសបញ្ជាក់ថា សម្រាប់គម្រោងលែងកូនសត្វព្រៃកម្រ និងជិតផុតពូជទាំងនេះទៅជម្រកធម្មជាតិវិញ គឺជាគម្រោងដែលមានរយៈពេលរហូតដល់២០ឆ្នាំ ការកំណត់រយៈពេលវែងនេះគឺយើងរង់ចាំចំនួនសត្វព្រៃទាំងនេះមានចំនួនច្រើន និងអាចធានាថា សត្វព្រទាំងនោះថានឹងមិនអាចផុតពូជបានទៅថ្ងៃអនាគត ទើបក្រុមការងារជំនាញអាចលែងពួកវាទៅក្នុងដែនជម្រកធម្មជាតិវិញ។

ទន្ទឹមនឹងនេះដែរ នាយិកការ ACCB រូបនេះ បានបញ្ជាក់ថា ទោះបីជាការបង្កាត់ពូជសត្វព្រៃកម្រ និងជិតផុតពូជបានជោគជ័យ និងលែងទៅក្នុងជម្រកធម្មជាតិវិញក៏ដោយ ប៉ុន្តែ សត្វព្រៃនៅតែមានបញ្ហា និងប្រឈមការបាត់បង់ប្រសិនបើវិបត្តិអន្ទាក់នៅតែកើតមាន។ ចំពោះវិបត្តិអន្ទាក់នេះ កញ្ញា បានគូសបញ្ជាក់ថា «ក្រុមការងារ ACCB បានឃើញផ្ទាល់នឹងភ្នែកថា អន្ទាក់បានបំផ្លាញសត្វព្រៃនៅកម្ពុជា ដោយមិនរើសមុខ អន្ទាក់នេះហើយចាដើមហេតុនៃការសម្លាប់ និងការបង្ករបួសស្នាមយ៉ាងធ្ងន់ធ្ងរ ដល់ពពួកថនិសត្វ បក្សី និងពពួកសត្វល្មូនជាច្រើនប្រភេទដែលរស់នៅក្នុងព្រៃធម្មជាតិ»

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាអង្គការដៃគូអភិរក្សនានា ដើម្បីការពារ និងអភិរក្សសត្វព្រៃកម្រៗ និងអនុវត្តកម្មវិធីបង្កាត់ពូជ។ មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះបានផ្តល់ជម្រកដល់សត្វព្រៃសរុបចំនួន ៩៦៥ក្បាល ក្នុងចំណោមសត្វ៣០ ប្រភេទ ហើយ ៩៧% នៃសត្វទាំងនោះ គឺជាប្រភេទសត្វ ដែលរងការគំរាមកំហែង។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់មជ្ឈមណ្ឌល ACCB នេះ ក្នុងការផ្តល់ការថែរក្សាអភិរក្ស ការព្យាបាលថែទាំទៅដល់សត្វកម្រៗនានា ដែលបានមកពីការសង្គ្រោះពីការជួញដូរ និងរងរបួសដោយសារការដាក់អន្ទាក់ ការបរបាញ់ និងកត្តាផ្សេងៗទៀត។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «យើងជឿជាក់ថាជាមួយនឹងកិច្ចការងាររបស់មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះនឹងចូលរួមបន្ថែមទៀត នៅក្នុងការបង្កាត់ពូជប្រភេទសត្វព្រៃកម្រៗ និងជិតផុតពូជ ដើម្បីបង្កើនចំនួនប្រជាសាស្ត្រសត្វព្រៃនៅក្នុងធម្មជាតិ មានន័យថាបង្កាត់នៅក្នុងជម្រកក្រៅធម្មជាតិ ហើយបន្ស៉ាំវា បន្ទាប់មកយកវាទៅលែងក្នុងជម្រកធម្មជាតិវិញជាដើម»

មន្ត្រីជាន់ខ្ពស់រូបនេះ បានឱ្យដឹងថា សម្រាប់ប្រភេទសត្វព្រៃកម្រ និងជិតផុតពូជមួយចំនួននៅកម្ពុជា ដែលបានធ្វើការបង្កាតពូជ និងលែងទៅវិញក្នុងជម្រកធម្មជាតិ ដើម្បីឱ្យសត្វព្រៃមានចំនួនកើនឡើងវិញរួមមាន៖ ប្រភេទសត្វខ្សឹប អណ្តើកហ្លូង ក្រពើភ្នំ ឬក្រពើត្រី និងកន្ធាយក្បាលកង្កែបជាដើម។ ទន្ទឹងនឹងនេះដែរ ក្រសួងបរិស្ថានចង់ឱ្យមានការសិក្សាបន្ថែមទៀត ទៅលើការបង្កាត់ពូជប្រភេទសត្វកម្រផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាមានលទ្ធភាពអាចបង្កើនចំនួនប្រជាសាស្ត្រនៃប្រភេទសត្វព្រៃទាំងនោះឱ្យមានវត្តមាននៅក្នុងជម្រកធម្មជាតិកម្ពុជាវិញ៕