(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានជំរុញដល់គ្រប់ក្រុមការងារមូលដ្ឋានត្រូវចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីជួយដោះស្រាយបញ្ហា និងតម្រូវការពួកគាត់បានទាន់ពេលវេលា។

លោកស្រី ឃួន ឃុនឌី បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។

លោកស្រីបានជំរុញដល់គ្រប់ក្រុមការងារចុះមូលដ្ឋានត្រូវចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋតាមមូលដ្ឋានរបស់ខ្លួន ដើម្បីជួយដោះស្រាយបញ្ហានិងតម្រូវការពួកគាត់បានទាន់ពេលវេលានិងចំគោលដៅ ហើយត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង និងត្រូវបង្កើនការយកចិត្តទុកដាក់លើយុវជន ព្រមទាំងកម្លាំងបន្តវេនដែលមានសក្តានុពលនិងប្រជាប្រិយភាព។

ជាមួយនេះ លោកស្រីបានបង្ហាញឲ្យឃើញថាជោគជ័យរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សឃុំសង្កាត់ អាណត្តិទី៥កន្លងមក គឺជាការគាំទ្រថ្មីៗថែមទៀតរបស់ប្រជាជនកម្ពុជា ពិសេសពីសំណាក់យុវជន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

សមាជិកព្រឹទ្ធសភារូបនេះបានណែនាំដល់មន្ត្រីគ្រប់រូបត្រូវធ្វើខ្លួនជាមន្ត្រីល្អ ជាអ្នកធ្វើការបម្រើស្ថាប័ន អង្គភាពឲ្យមានការរីកចម្រើន និងបម្រើប្រជាពលរដ្ឋឲ្យបានពិតប្រាកដ ត្រូវបន្តជួយថែរក្សាសន្តិភាពឲ្យបានគង់វង្សស្ថិតស្ថិរ និងជួយគាំពារជនងាយរងគ្រោះ។

លើសពីនេះ ត្រូវបន្តយកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ត្រូវបន្តជំរុញនិងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍរីកចម្រើន និងត្រូវជំរុញនិឲ្យប្រជាពរដ្ឋត្រៀមឯកសារចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

ជាមួយគ្នានេះដែរ លោកស្រី ឃួន ឃុនឌី និងក្រុមការងារបានបន្តចុះសួរសុខទុក្ខខ្ញុំបាននាំយកគ្រឿងឧបភោគបរិភោគទៅដល់ជូនអតីតមេឃុំដំរីស្លាប់ ដែលរស់នៅភូមិកប់ថ្លុកឈ្មោះ មាន កឺ ដែលមានវ័យជិត៨០ឆ្នាំ ហើយក្នុងនោះលោកស្រីក៏បានលើកឡើងអំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មកដល់មន្ត្រីមូលដ្ឋាន ជាពិសេសគឺមិនទុកឲ្យពលរដ្ឋណាម្នាក់នៅឯកោនោះទេ៕