(ភំ្នពេញ)៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឃាត់ជនជាតិចិនម្នាក់ និងគ្រឿងញៀនជិត ៤០គីឡូក្រាម និងសារធាតុមិនច្បាស់ជិត២០០គីឡូក្រាម នៅរាជធានីភ្នំពេញ។

មន្ត្រីជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះថា ដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់ពីឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញ (ក១០) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យឹម សែនឧត្តម្ភ , លោកវរសេនីយ៍ឯក ញ៉ុង រស់ប្រាថ្នា នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយលោក អ៊ុំ សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវបង្ក្រាបបទល្មើស ២គោលដៅផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ូ សាំងយ៉ុង ភេទប្រុស ជនជាតិចិន និងគ្រឿងញៀនជិត ៤០គីឡូក្រាម និងសារធាតុមិនច្បាស់ជិត២០០គីឡូក្រាម។

មន្ត្រីដដែលបញ្ជាក់ថា សម្រាប់គោលដៅទី១ តាមបណ្ដោយផ្លូវ R១២ ក្នុងបុរីមួយកន្លែងក្នុងភូមិបឹងឈូក សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចាប់យកវត្ថុតាង កេតាមីន ៩៨២ក្រាម និងគោលដៅទី២៖ ផ្ទះលេខ៤៨ ផ្លូវលេខ០២ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់យកវត្ថុតាង MDMA ៣១ ៤៤៩.៨០ក្រាម, មេតំហ្វេតាមីន ៤ ២០៤.៤៨ក្រាម, កេតាមីន ៧១០ក្រាម, នីមេតាហ្សេប៉ាម ៣៤ក្រាម, សារធាតុមិនច្បាស់ ១៦៦ ៥៨៥ ក្រាម និងឧបករណ៍សម្រាប់កែច្នៃ វេចខ្ចប់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី។

សូមជម្រាបថា រយៈពេលចុងក្រោយនេះ ក្រោមការដឹកនាំផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងបាន ចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ដូចភ្លៀងរលឹមនៅទូទាំងប្រទេស ជារៀងរាល់ថ្ងៃ ពិសេសបង្ក្រាបបានបទល្មើស ជួញដូរគ្រឿងញៀនធំៗជាបន្តបន្ទាប់៕