(កំពង់ឆ្នាំង)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា សាសនាមានសារៈសំខាន់ណាស់នៅក្នុងការអប់រំ ជាពិសេសសម្រាប់ការរស់នៅជាប្រចាំរបស់យើង ហើយការណ៍ដែលរក្សាបាននូវសុខដុមនីយកម្មសាសនា គឺកើតពីការរួបរួមគ្នារបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងផ្នែកអាណាចក្រ ពុទ្ធចក្រ និងគ្រប់សាសនាទាំងអស់។

លោកថ្លែងបែបនេះ ពេលតំណាងសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុងពិធីសម្ពោធវិហារអាល់រ៉ស់ម៉ះ និងសមិទ្ធផលនានា ស្ថិតនៅភូមិអូរតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរចំពោះសមិទ្ធផលក្នុងថ្ងៃនេះ សម្រាប់សាសនិកឥស្លាមទាំងអស់ រួមមាន វិហារដ៏ធំ និងសមិទ្ធផលនានាជាច្រើន ជាពិសេសផ្លូវជាតិលេខ ៥ ដែលជាហេដ្ឋារចនាសម្ព័ន្ធបម្រើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទូទៅ និងគ្រប់សាសនា។

លោកបន្តថា ប្រទេសកម្ពុជាយើងមិនមានសង្គ្រាម គឺដោយសារគ្រប់សាសនានៅកម្ពុជាមានជោគវាសនាតែមួយរួមគ្នា។ នៅពេលមានទុក្ខ ដូចជាពេលធ្លាក់ក្នុងភ្លើងសង្គ្រាម គឺគ្រប់សាសនាទាំងអស់ក៏រងការបំផ្លាញ ហើយលំបាកវេទនា និងមានការបិទសិទ្ធិសេរីភាពដូចគ្នា។ ហើយនៅពេលមានសុខ គ្រប់សាសនាទាំងអស់ក៏បានរស់ឡើងវិញពីសង្គ្រាម និងទទួលបានសិទ្ធិសេរីភាពដូចគ្នា និងរស់នៅក្រោមដំបូលសុខសន្តិភាពសន្តិភាពដូចគ្នា។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បន្ថែមថា ការធានាបាននូវសុខដុមនីយកម្មសាសនានៅកម្ពុជា គឺអាស្រ័យដោយកត្តា ២ យ៉ាង៖ ទី១. កត្តាថ្នាក់ដឹកនាំសាសនា ដែលប្រកាន់ការដឹកនាំទៅតាមផ្លូវវិជ្ជមាន និងមានការបដិបត្តិតឹងរ៉ឹង ឬធូរស្រាលទៅតាមជំនឿ ហើយមានគោលជំហររួមរស់ជាមួយគ្នា និងមិនរើសអើង និង ២. កត្តាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ឱកាស និងបង្កលក្ខណៈគ្រប់បែបយ៉ាងក្នុងការអនុញ្ញាតឱ្យប្រជាជនមានសិទ្ធិក្នុងការជឿ និងគោរពបដិបត្តិសាសនាទៅតាមការពេញចិត្ត ជាពិសេសរាជរដ្ឋាភិបាល ក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើដល់គ្រប់សាសនិកទាំងអស់ និងបូកបន្ថែមដោយគោលនយោបាយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជន ក៏ដូចជាការលើកកម្ពស់ការអនុវត្តវប្បធម៌ចែករំលែក។

លោកបន្តថា គណបក្សប្រជាជនកម្ពុជា មានស្នាដៃជាច្រើនក្នុងបុព្វហេតុជាតិមាតុភូមិ គឺ៖ ទី១. បានជួយរំដោះប្រទេស និងសង្គ្រោះជីវិតប្រជាពលរដ្ឋ ក៏ដូចជាគ្រប់សាសនាទាំងអស់ឱ្យរស់ឡើងវិញ, ទី២. បានផ្តល់នូវសិទ្ធិ និងឱកាសដូចៗគ្នា ក្រោមម្លប់នៃសន្តិភាពរួមគ្នា, ទី៣. បានជួយសង្គ្រោះជីវិតក្នុងពេលមានគ្រោះអាសន្ន ជាពិសេសការរាតត្បាតនៃជំងឺកូវីដ-១៩ និង ទី៤. ឱកាសនៃការអភិវឌ្ឍ រួមមាន ការសិក្សារៀនសូត្រ សេវាសុខាភិបាល និងគ្រប់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់បម្រើឱ្យសេចក្តីត្រូវការរបស់សង្គមជាតិ។ សមិទ្ធផលទាំងអស់នេះ គឺបានកើតឡើងមិនមែនដោយចៃដន្យនោះទេ ប៉ុន្តែដោយសារគោលនយោបាយដ៏ច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើប្រជាពលរដ្ឋ។

បើតាមលោកបណ្ឌិត ហ៊ុន ម៉ាណែត គោលនយោបាយទាំងនេះ ពិតជាបានធ្វើឱ្យប្រជាជនមានសុភមង្គល និងជីវភាពធូរធា ពីព្រោះមានថ្នាក់ដឹកនាំដែលគិតបានសព្វគ្រប់ជ្រុង ជ្រោយតាមវិធីសាស្ត្រ «មើលព្រៃទាំងមូល»។ គណបក្សប្រជាជនកម្ពុជា គឺមិនប្តូរបុព្វហេតុ៖ កើតដោយសារប្រជាជន បម្រើប្រជាជន និងដើម្បីប្រជាជន ជាពិសេស គឺមិនប្តូរឈ្មោះ៖ ដើម្បីជាតិខ្មែរ និងប្រជាជនកម្ពុជា ហើយក៏មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តជួយសង្គ្រោះ និងបន្តផ្តល់ឱកាសអភិវឌ្ឍន៍ ដើម្បីបំពេញតម្រូវការរបស់ប្រជាជនគ្រប់ៗគ្នាក្នុងក្របខ័ណ្ឌទូទាំងប្រទេស៕