(ភ្នំពេញ)៖ លោក សំហេង បុរស សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ អញ្ជើញជួបសំណេះ សំណាលជាមួយយុវជនគណបក្សខណ្ឌបឹងកេងកងចំនួន ៥០០នាក់ នៅសាលមហោស្រពកោះពេជ្រ។

ពិធីសំណេះសំណាលនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី គណៈកម្មាធិការគណបក្សខណ្ឌបឹងកេងកង, និងប្រធានគណៈកម្មាធិការបក្សសង្កាត់។

លោក សំហេង បុរស បានចែករំលែកអំពីតួនាទី ភារកិច្ចរបស់សកម្មជនយុវជនបក្ស និងសារៈប្រយោជន៍នៃការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាពិសេសលោកបានគូសបញ្ជាក់បន្ថែមអំពីប្រវត្តិ ស្នាដៃ និងគុណបំណាច់ដ៏ធំធេងរបស់គណបក្សក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាជន ទាំងក្នុងពេលអតីតកាលដោយរំដោះប្រជាជនពីរបបប្រល័យពូជសាសន៍។

លោកបន្តថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានរក្សាបាននូវលំនឹងសេដ្ឋកិច្ច-សង្គម សន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងលើកស្ទួយកិត្យានុភាពជាតិ លើឆាកអន្តរជាតិ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ខណៈពេលដែលពិភពលោកទាំងមូល កំពុងស្ថិតក្នុងការប្រឈមជាមួយវិបត្តិជាច្រើន ទាំងបញ្ហាភូមិសាស្រ្តនយោបាយ និងបញ្ហាសេដ្ឋកិច្ច។

លោក សំហេង បុរស សូមឱ្យយុវជនទាំងអស់ បន្តខិតខំរៀនសូត្រ ពង្រឹងនូវសតិអារម្មណ៍ និងសមត្ថភាពការងារ ចំណេះដឹងដើម្បីឱ្យក្លាយជាធនធានមនុស្សដ៏សំខាន់ សម្រាប់កសាងប្រទេសជាតិ នឹងជឿជាក់ថានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ប្រជាពលរដ្ឋទាំងអស់នឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យគណបក្ស បានបន្តសកម្មភាពបម្រើប្រជាពលរដ្ឋ ព្រមទាំងកសាងសមិទ្ធផលនានា និងអភិវឌ្ឍន៍ ប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ហើយក៏សង្ឈឹមថាយុវជនគណបក្សខណ្ឌបឹងកេងកងទាំង ៥០០នេះ ហ៊ានចេញមុខការពារ ផ្តល់ភាពយុត្តិធម៌ជូនគណបក្ស និងថ្នាក់ដឹកនាំគណបក្ស ហើយប្រឆាំងដាច់ខាតចំពោះការចោទប្រកាន់របស់អ្នកនយោបាយអគតិ ដែលតែងតែរិះរកវិធីសាស្រ្តក្នុងការបំភ្លៃ និងបំផ្លាញកិត្តិយសរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា៕