(បាត់ដំបង)៖ លោក ប៊ុន ហុន សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបូជាសាច់ស្រស់ ឈាមស្រស់ ប្រយុទ្ធដណ្តើមអាយុជីវិតប្រជាជនកម្ពុជា ពីរបបវាលពិឃាដប្រល័យពូជសាសន៍ប៉ុលពត និងមេរោគកូវីដ-១៩ ដែលបានគម្រាមកំហែងឆក់យកជីវិតមនុស្សគ្មានរើសមុខ ហើយបានឈរជាម្លប់សន្តិភាព និងនាំមកនូវការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឱ្យទាំងអស់គ្នារស់បានសុខសាន្តរហូតដល់សព្វថ្ងៃនេះ។

លោក ប៊ុន ហុន បានលើកឡើងបែបនេះ ក្នុងឱកាសដែលលោក អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ទៅចែកជូនដល់ប្រជពលរដ្ឋដែលកំពុងជួបការខ្វះខាតចំនួន ៥០០គ្រួសារ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២៣។

លោកបានបន្តថា «បន្ទាប់ពីថ្ងៃរំដោះ ប្រទេសជាតិយើងបានឆ្លងកាត់មហាឧបសគ្គជាច្រើនរាប់មិនអស់ តែក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានជម្នះអស់ឧបសគ្គទាំងនោះ ហើយបាន ស្តាសេដ្ឋកិច្ចជាតិឡើងវិញ នាំមកនូវសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងបានលើកមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ ជាក់ស្តែង ភាពជោគជ័យដ៏ត្រចះត្រចង់ នៃការរៀបចំកិច្ចប្រជុំកំពូកអាស៊ាន និងការរៀបចំ SEA GAME ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ»។

លោក ប៊ុន ហុន បានបន្ថែមថា សន្តិភាព ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា។ ដូច្នេះប្រជាពលរដ្ឋទាំងអស់គ្នាត្រូវអរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ និង ជាពិសេសដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងត្រូវរួមគ្នា ប្តេជ្ញាការពារសន្តិភាពអោយបានជាដាច់ខាត។ មានសន្តិភាព ទើបមានការគោរពសិទ្ធិមនុស្ស មានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់។ មានតែគណបក្សប្រជាជនតែមួយគត់ ដែលមានសមត្ថភាពពេញលេញ ក្នុងការធានារក្សានូវសន្តិភាព។ ដូចនេះ ដើម្បីឱ្យប្រទេសយើង មានសន្តិភាព និងការអភិវឌ្ឍន៍ស្ថិតស្ថេរយូរអង្វែង យើងទាំងអស់គ្នាជាប្រជាពលរដ្ឋខ្មែរត្រូវទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកមានគុណពិតប្រាកដរបស់យើង។

ជាមួយគ្នានេះដែរ លោក ប៊ុន ហុន បានអំពាវនាវឱ្យប្រជាពលរដ្ឋកុំចាញ់បោកកលល្បិច ឬពាក្យញុះញុងរបស់ក្រុមអគតិមួយចំនួន ដែលតែងតែបំផុសបំផុលដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនដែលគិតគូរដល់ប្រយោជន៍រួមរបស់ជាតិ ដោយមើលរំលងនូវសមិទ្ធិផលដ៏មហាធំធេងដែលគណបក្សប្រជាជនកម្ពុជាបានកសាងជាតិរហូតមកដល់បច្ចុប្បន្ននេះ។ គណបក្សប្រជាជនកម្ពុជាតែងតែនៅក្បែរ និងយល់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាជាពិសេសបានយកចិត្តទុកដាក់មិនអោយបងប្អូនប្រជាពលរដ្ឋណាម្នាក់អត់អាហារឡើយ។គណបក្សប្រជាជនកម្ពុជា ហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ដូច្នេះសូមបងប្អូនអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ អោយបានគ្រប់ៗគ្នា ដើម្បីធានាការពារសន្តិភាព ការអភិវឌ្ឍរីកចម្រើននិងកិត្យានុភាពប្រទេសជាតិយើងលើឆាកអន្តរជាតិ។

ជាកិច្ចឆ្លើយតប ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់ព្រមទាំងក្រុមគ្រួសារប្តេជ្ញាគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជារៀងរហូត ដើម្បីតបស្នងសងគុណដល់សម្តេចតេជោ ហ៊ុន សែន និងដើម្បីការពារសន្តិភាព ការអភិវឌ្ឍ និងភាពសុខដុមរមនានៅកម្ពុជា។

លោក ប៊ុន ហុន បានផ្តាំផ្ញើឱ្យអាជ្ញាធរមូលដ្ឋានបង្កើនការយកចិត្តទុកដាក់បម្រើសេវាសាធារណៈ ដោះស្រាយរាល់សំណើ និងសំណូមពរជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា និងប្រសិទ្ធិភាពខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីអោយស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ គឺមន្រ្តីត្រូវបម្រើរាស្រ្ត។

សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នេះ នៅមន្ទីរបក្សស្រុកគាស់ក្រឡ មានរៀនចំពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយរបស់សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម និងឱសថមួយចំនួនរបស់ក្រុមហ៊ុនមហោសថ ទៅចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតចំនួន ៥០០គ្រួសារនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្រោមអធិបតីភាព លោក ប៊ុន ហុន ប្រធាន និង លោក ឡាំ ជា អនុប្រធានទី១ នៃក្រុមការងារចុះជួយស្រុកគាស់ក្រឡ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ព្រមទាំងលោក លី បួយ ប្រធានក្រុមហ៊ុនមហោសថ និងសមាជិក សមាជិការក្រុមការងារជាច្រើនរូបទៀត៕