(កំពង់ស្ពឺ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានថ្លែងថា ការដកប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ចំនួន ២០ភាគរយ របស់សហគមន៍អឺរ៉ុប មិនប៉ះពាល់ច្រវាក់ផលិតនៅកម្ពុជានោះទេ ហើយ EBA គឺគង់តែបាត់បង់ នៅពេលកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់។

ការថ្លែងរបស់សម្តេចតេជោធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជាង១ម៉ឺន ៦ពាន់នាក់ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «EBA វាគង់តែបាត់ ១០០ភាគរយ ក្នុងពេលខាងមុខ អាចនឹងប៉ាន់ប្រមាណនៅឆ្នាំ២០២៦ ឬ២០២៧ ព្រោះប្រទេសរបស់យើង គឺជាប្រទេសមិនមែនជាប្រទេសអភិវឌ្ឍន៍តិចតួចទៀតឯណា បន្តិចទៀតកម្ពុជានឹងចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួច អីចឹងរកស៉ីត្រូវតែបង់ពន្ធឲ្យគេទៅវិញទៅមក អា២០ភាគរយដែលបាត់នេះ វាគ្មានប៉ះពាល់អី យើងនៅតែនាំចេញ អង្ករក៏ដូចជាគ្នា អង្ករអ៉ីតាលី អេស្ប៉ាញ លក់មិនដាក់​ ក៏នាំគ្នាដាក់ឲ្យអង្ករកម្ពុជា និងអង្ករមីយ៉ាន់ម៉ា ត្រូវតែបង់ពន្ធ អីចឹងយើងក៏បង់ពន្ធ ពេលមិនទាន់បង់ពន្ធក៏យើងនាំចេញបាន ដល់ពេលគេឲ្យបង់ពន្ធយើងក៏នាំចូលបាន គ្រាន់តែចំណេញតិចជាងមុនប៉ុណ្ណោះ អីចឹងទេយើងត្រូវតែពង្រឹងភាពធន់ខ្លួនឯងចាប់ពីឥឡូវនេះទៅ»

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីពេលដែលសម្តេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមក្នុងកិច្ចប្រជុំនៅសហគមន៍អឺរ៉ុប សម្តេចបានហាមដល់រដ្ឋមន្ត្រីទាំងអស់ កុំហារមាត់សុំត្រឡប់មកវិញ នូវការអនុគ្រោះពន្ធដែលបាត់ចំនួន២០ភាគរយនោះ។ ការធ្វើបែបនេះ សម្តេចចង់ដឹងពីភាពធន់របស់កម្ពុជា ក្នុងកម្រិតណា ដើម្បីពង្រឹងសមត្ថភាពខ្លួនឯង កុំឲ្យចាំតែអុកស៉ីសែនពីគេដកដង្ហើម។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីថា កម្ពុជាមិនយកអធិបតេយ្យជាតិ ទៅដោះដូរជាមួយជំនួយ ឬការអនុគ្រោះណាទាំងអស់។

សូមជម្រាបថា សហភាពអឺរ៉ុប បានសម្រេចជាស្ថាពរ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញកម្ពុជាក្រោមកម្មវិធី «អ្វីគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA)» ដោយយកពន្ធលើទំនិញកម្ពុជា ប្រមាណ ២០ភាគរយ។ តាមការវាយតម្លៃ ការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធនេះ មានទឹកប្រាក់ប្រមាណជាង១០០លានដុល្លារអាមេរិក លើកផលិតផល៤០មុខ៕