(ភ្នំពេញ)៖ ក្រុមការងារបេសកកម្ម និងយុវជននៃសហភាពអង្គការសង្គមស៊ីវិល នឹងរៀបចំដំណើរបេសកកម្មទៅកាន់ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ «គីរីរម្យ» ដោយមានការចូលរួមពីបណ្តាអង្គការចំណុះ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ត្រូវនឹងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។

ដំណើរបេសកកម្មនេះ ធ្វើឡើងក្នុងគោលបំណងសិក្សា និងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ជាច្រើនកន្លែង នាឧទ្យានជាតិគិរីរម្យ ដើម្បីឱ្យសាធារណជនគ្រប់មជ្ឈដ្ឋានទាំងអស់រួមគ្នាថែរក្សា និងបង្ហាញទៅកាន់វិនិយោគទុន ដែលមានបំណងអភិវឌ្ឍន៍ ទៅលើវិស័យទេសចរណ៍ជាតិ ដែលនាំឱ្យប្រទេសកម្ពុជា ឈានទៅរកការរីកចម្រើន និងអភិវឌ្ឍន៍ប្រកបដោយចរីភាព រួមទាំងដំណើរកំសាន្តសម្រាប់យុវជន នៃសហភាពអង្គការសង្គមស៊ីវិល ព្រមទាំងបណ្តាអង្គការចំណុះផងដែរ ។

សហភាពអង្គការសង្គមស៊ីវិល បានអំពាវនាវឱ្យសមាជិកខ្លួនដែលនឹងចូលរួមក្នុងដំណើរទស្សនកិច្ចមួយនេះ ត្រៀមខ្លួនដើម្បីចូលរួម និងផ្សព្វផ្សាយ អំពីតំបន់ទេសចរណ៍កម្ពុជាឱ្យបានកាន់តែទូលាយ និងល្បីរន្ទឺទៅកាន់ពិភពលោក៕