(ភ្នំពេញ)៖ លោក ចាយ បូរិន អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ និងក្រុមគ្រួសារ បានផ្ញើសារថ្លែងអំណរគុណជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ដែលបានអញ្ជើញមកគោរពវិញ្ញាណក្ខន្ធ ឧកញ៉ា មហាសប្បុរសធម្មសិរីញាណអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៉ី។

តាមរយៈសារលិខិតថ្លែងអំណរគុណ លោក ចាយ បូរិន បានគូសបញ្ជាក់ថា៖ «វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី គឺជាព្រហ្មវិហារធម៌ សង្គហធម៌ប្រកបដោយមេត្តា ករុណាដែលបានផ្តល់នូវភាពកក់ក្ដៅមិនអាចកាត់ថ្លៃបាន និងជាកិត្តិយសដ៏ធំធេងសម្រាប់ខ្ញុំបាទ និងភរិយាព្រមទាំងក្រុមគ្រួសារទាំងអស់។

ជាថ្មីម្ដងទៀត ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមគោរពសម្ដែងនូវកតញ្ញូកតវេទិតាធម៌ ដ៏ជ្រាលជ្រៅបំផុត និងសូមលើកហត្ថប្រណម្យឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជបារមីន វត្ថុស័ក្ដិសិទ្ធិនានាក្នុងលោក ព្រមទាំងទេវតាឆ្នាំថ្មី សូមជួយបីបាច់ថែរក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី បាន ប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕