(ភ្នំពេញ)៖ ជនជាតិចិនម្នាក់ ត្រូវបានឃាតកសម្លាប់រួចបោះសពចោលកណ្ដាលវាលស្រែ ស្ថិតក្នុងស្រុកបាធាយ ខេត្តកំពង់ចាម កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣កន្លងទៅនោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរួមសហការគ្នាស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនបានជនដៃដល់៣នាក់ ដែលកំពុងសំងំលាក់ខ្លួននៅខេត្តសៀមរាប នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣នេះ។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ក្រោយពីទទួលបានព័ត៌មានភ្លាម នាយកដ្ឋាននគបាលព្រហ្មទណ្ឌ បានចាត់កម្លាំងជំនាញដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុនីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន ចុះដឹកនាំកម្លាំងជំនាញ និងមានការចូលរួមសហការពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បើកការស៊ើបអង្កេតបន្ទាន់តាមនីតិវិធី ដោយកំណត់បានអត្តសញ្ញាណជនសង្ស័យចំនួន៣នាក់ មានឈ្មោះដូចខាងក្រោម៖

*ទី១៖ ឈ្មោះ តាំង ចេងម៉េង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម
*ទី២៖ ឈ្មោះ ហឹម លីសា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
*ទី៣៖ ឈ្មោះ ប្រាង សិទ្ធ ហៅ ហិន សិត ហៅ ហ៊ិន ជាពីសិដ្ឋ ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១១៖៤៧នាទី ដោយកំណត់បានទីកន្លែងលាក់ខ្លួន របស់ជនសង្ស័យខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប អនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ធ្វើការបង្រាប និងឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ នៅចំណុចទ្បដុតធ្យូង ស្ថិតនៅភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

វត្ថុតាងដកហូតរួមមាន រថយន្តមួយគ្រឿងម៉ាក Corolla , អាវុធ អាកា ០១ដើម, អាវុធ សេកាសេ ០២ដើម, អាវុធ កែច្នៃ ០២ដើម និងគ្រាប់មួយចំនួន។

ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានសារភាពថា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០១អធ្រាត្រ ពួកខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ WU SONG ហៅ ស្វិត ហៅ សុង អាយុ៣៧ឆ្នាំ ជនជាតិចិន មុខរបរម៉ៅការសំណង់ ពិតប្រាកដមែន ខណៈពេលជនរងគ្រោះជិះរថយន្តជាមួយពួកខ្លួនចេញពីការដ្ឋានខេត្តពោធិ៍សាត់ ហើយដឹងថាជនរងគ្រោះទើបបើកប្រាក់ ពួកខ្លួនក៏មានគំនិតសម្លាប់ជនរងគ្រោះដោយយកកន្សែងរិតក និងយកពូថៅកាត់ក្បាលតែម្តង។ មូលហេតុ ដោយសារតែខឹងនិងជនរងគ្រោះជំពាក់ប្រាក់មិនសង។

ក្រោយពីធ្វើសកម្មភាពសម្លាប់រួចហើយ ពួកខ្លួន បានយកក្បាលច្រកចូលក្នុងកាបូបខ្មៅមួយ ហើយយកទៅបោះចោលនៅចំណុចស្រះមួយកន្លែងស្ថិតនៅ ឃុំកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំណែកពូថៅ យកទៅបោះចោលនៅស្ពានត្រោះ ស្ថិតក្នុងស្រុក បាធាយ ខេត្តកំពង់ចាម ហើយប្លន់យកប្រាក់បានមួយចំនួននាំគ្នាគេចមកលាក់ខ្លួននៅចំណុចភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ចំពោះជនសង្ស័យខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី៕