(កំពត)៖ សមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានចុះធ្វើសិក្ខាសាលា ស្តីពីការតម្រង់ទិស និងផ្សព្វផ្សាយស្នើសុំអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន ដល់សិស្សានុសិស្ស (ថ្នាក់ទី១០ ទី១១ និងទី១២) នៅខេត្តកំពត នៅវិទ្យាល័យចំនួន៤ រួមមាន៖ វិទ្យាល័យព្រះរាជសម្ភារ (ក្រុងកំពត) , វិទ្យាល័យមិត្តភាពកម្ពុជាជប៉ុន កំពតក្រុង, វិទ្យាល័យត្រសេកកោង (ស្រុកទឹកឈូ) និង វិទ្យាល័យនរោត្តមរណឫរ្ធិ (ស្រុកទឹកឈូ) សរុបប្រមាណ ២៥០០នាក់ ដោយមានគាំទ្រពីរដ្ឋបាលខេត្តកំពត ក្រោមវត្តមាន លោក ពេញ ភារម្យ អភិបាលរងខេត្តកំពត ចូលរួមជាគណៈធិបតីបើកសិក្ខាសាលាព្រមទាំងមានការចូលរួមពី គណៈគ្រប់គ្រងវិទ្យាល័យ និងក្រុមការងារក្រសួងអប់រំ យុវជន និងកីឡាផងដែរ។

ការចុះផ្សព្វផ្សាយនេះ ធ្វើឡើងចាប់ថ្ងៃទី៣០ និង៣១ ខែឧសភា ឆ្នាំ២០២៣ ក្នុងគោលបំណងសិក្ខាសាលា គឺដើម្បី៖(១). ណែនាំអំពីបច្ចេកទេសស្នើសុំអាហារូបករណ៍តាមប្រព័ន្ធOnline សម្រាប់ថ្នាក់បរិញ្ញាបត្រ (២). លើកទឹកចិត្ត សិស្សានុសិស្ស សិក្សាភាសាចិន(៣). តម្រង់ទិស និងលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំរៀនសូត្រដើម្បីទទួលបានអាហារូបករណ៍ទាំងក្នុង និងក្រៅប្រទេស(៤).ផ្សព្វផ្សាយអំពីវប្បធម៌ចិន ភាពរីកចម្រើន និងភាពស៊ីវីល័យរបស់ប្រទេសចិន តាមរយៈចែករំលែកនូវបទពិសោធន៍ ការសិក្សា និងការរស់នៅ នៅប្រទេសចិនពីវាគ្មិនកិត្តិយស ដែលជាអតីតនិស្សិតសិក្សានៅប្រទេសចិន និង(៥). ជំរុញកំណើននិស្សិតកម្ពុជាមកសិក្សានៅប្រទេសចិន ។

លោក អ៊ុំ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាលសមាគម បានលើកឡើងថា​ សិក្ខាសាលានេះ គឺជាគម្រោងកំពុងអនុវត្តទូទាំងប្រទេស ក្រោមជំនួយ និងគាំទ្រពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា ។ កាលពីខែមេសា កន្លងមកនេះ ក្រុមការងារសមាគម បានធ្វើសិក្ខាសាលានេះ នៅខេត្តតាកែវ ចំនួន៣វិទ្យាល័យរួមមាន៖ វិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ស្លារម (ស្រុកសំរោង) វិទ្យាល័យ ហ៊ុនសែន ១មិថុនា (ស្រុកបាទី) និងវិទ្យាល័យសម្តេចឱ (ស្រុកសំរោង)។

លោក អ៊ុំ វុទ្ធទី បានបន្តទៀតថា ក្នុងសិក្ខាសាលា ក៏រំលេចយ៉ាងច្បាស់ៗ អំពីការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសប់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍយុវជន ឱ្យមានសមត្ថភាពពេញលេញ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន៕