(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តាំទៅអ្នករាយការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) ជាជនជាតិថៃ កុំយកកម្ពុជាធ្វើជាសំរាមក្នុងកែវភ្នែក ហើយគួរមើលបញ្ហារបស់លោក ថាក់ស៉ីន។

សម្តេចតេជោ ហ៊ុន សែន ថ្លែងផ្តាំបែបនេះ ក្នុងឱកាសអញ្ជើញជួប សំណេះសំណាលជាមួយកម្មករ និយោជិតនៅស្រុកពញាឮ ជិត២ម៉ឺននាក់ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «លោក Vitit MUNTARBHORN សុំឲ្យអ្នកឯងមើលត្រឹមតែប្រទេសថៃរបស់អ្នកឯងទៅបានហើយ។ ដូចជ្រុលហួសហេតុពេកហើយ។ អ្នកឯងធ្លាប់បានទាមទារឲ្យ ថាក់ស៉ីន យីងឡាក់ ចូលស្រុកទេ? ខ្ញុំសូមសួរអ្នកឯង។ អ្នកឯងទុកកម្ពុជា ដូចជាសំរាមក្នុងកែវភ្នែក។ ខ្ញុំសូមប្រដៅអ្នកឯង»

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ដែលជាជនជាតិថៃរូបនេះ ធ្លាប់ចោទប្រកាន់ដោយគ្មានភស្តុតាងថា កម្ពុជាបានចាប់មនុស្ស ៧ពាន់នាក់ អំឡុងពេលរីករាលដាលជំងឺកូវីដ១៩។ នៅពេលសម្តេចសួរ លោក Vitit MUNTARBHORN ថា បានទិន្នន័យនេះមកពីណា លោកតបថា មើលតាមព័ត៌មាន។

សម្តេចតេជោ ក៏ធ្លាប់ប្រដៅថា ឲ្យអ្នករាយការណ៍រូបនេះ ត្រូវយកការពិតមកនិយាយទើបត្រឹមត្រូវ។ សម្តេចបានដាក់សំណួរទៀត ទៅលោក Vitit MUNTARBHORN ថា តើប្រទេសថៃមានប្រជាធិបតេយ្យបែបណាហើយ?

ថ្មីៗនេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ បានចេញសេចក្តីប្រកាសព័ត៌មាន បដិសេធទាំងស្រុងចំពោះការអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេសមួយចំនួន ដែលបង្ករឱ្យមានការយល់ច្រទ្បំ ធ្វើទ្បើងក្រោមហេតុផលនយោបាយ និងជ្រើសរើសតែមួយជ្រុង ពាក់ព័ន្ធនឹងបរិយាកាសបោះឆ្នោតនៅមុនការបោះឆ្នោតសកល ខែកក្កដា នៅកម្ពុជា។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា វាជាការចាំបាច់ណាស់ដែលអ្នករាយការណ៍ពិសេសត្រូវអនុវត្តមុខងាររបស់ខ្លួន ដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវក្រមសីលធម៌នៃនីតិវិធីពិសេស ដែលគូសបញ្ជាក់ពីសារៈសំខាន់នៃការសំអាងទៅលើអង្គហេតុ ការសង្កេតច្បាប់ជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងការជៀសវាងនូវការធ្វើនយោបាយូបនីកម្ម និងការជ្រើសរើសតែមួយជ្រុង។

សូមជម្រាបថា លោកសាស្រ្តចារ្យ Vitit Muntarbhorn ត្រូវបានតែងតាំងជាផ្លូវការកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ជាអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាទីប្រាំពីរ បន្ទាប់ពីលោកស្រី រ៉ូណា ស្មីត ៕