(សៀមរាប)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា យើងទាំងអស់គ្នាត្រូវដឹងថា មនុស្សពឹងផ្អែកលើធម្មជាតិច្រើនជាងធម្មជាតិពឹងផ្អែកលើយើង។ ដូចនេះ យើងត្រូវរួមគ្នាបញ្ចប់សកម្មភាពទាំងអស់ ដែលមិនមាននិរន្តរភាពទៅលើធម្មជាតិ ហើយចូលរួមផ្សព្វផ្សាយអំពីជម្រើសជីវភាព ដល់សហគមន៍មូលដ្ឋានរស់នៅអាស្រ័យផល លើការប្រមូលផលអនុផលព្រៃឈើ ការបរបាញ់តាមបែបប្រពៃណីសម្រាប់សាច់ និងការជួញដូរអំពីគម្រោងកសិកម្មប្រកបដោយនិរន្តរភាព កសិរុក្ខកម្ម និងទេសចរណ៍ធម្មជាតិផ្សេង។  

រដ្ឋលេខាធិការបានបន្តថា៖ «គ្រប់សារពាង្គកាយមានជីវិតទាំងអស់មានតួរនាទីខុសៗគ្នាផ្ទាល់ខ្លួននៅក្នុងធម្មជាតិ ហើយការដែលបាត់បង់វត្តមានរបស់អ្វីមួយនៅក្នុងធម្មជាតិ មនុស្សគឺជាអ្នកដែលមានហានិភ័យខ្ពស់ជាងគេ។ រួមគ្នាបញ្ចប់វិបត្តិអន្ទាក់ បញ្ឈប់ការជួញដូរ និងបរិភោគសាច់ និងផលិតផលពីសត្វព្រៃ ដើម្បីផ្សះផ្សារទំនាក់ទំនងរបស់យើងទាំងអស់គ្នាជាមួយធម្មជាតិ ដើម្បីផលប្រយោជន៍រយៈពេលយូរសម្រាប់ប្រទេសរបស់យើង»

បើតាមកញ្ញា Christel Griffioen នាយិកា ACCB បានថ្លែងថា «តំបន់អាស៊ីអាគ្នេយ៍ជាតំបន់មួយ ដែលសម្បូណ៍ជីវៈចម្រុះច្រើនជាងគេបំផុត នៅលើផែនដី ហើយក្រុមអ្នកវិទ្យាសាស្ត្របន្តរកឃើញប្រភេទសត្វដែលថ្មី សម្រាប់ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ។ ថ្មីៗនេះ សត្វល្មូនប្រភេទថ្មីចំនួន២ ប្រភេទត្រូវបានរកឃើញនៅឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្ដម-ភ្នំគូលែន ក្នុងខេត្តសៀមរាប។ អន្ទាក់ជាឃាតុករលាក់មុខ ហើយអន្ទាក់គំរាមកំហែងដល់ប្រភេទសត្វជាច្រើន រួមទាំងប្រភេទទាំងនោះ ដែលយើងមិនទាន់រកឃើញនៅឡើយ។ អន្ទាក់ត្រូវបានគេគិតថាជាឧបករណ៍ប្រមាញ់សត្វដ៏ឃោរឃៅបំផុត ព្រោះជួនកាលសត្វជាប់នឹងអន្ទាក់អាចរងទុក្ខជាច្រើនថ្ងៃ ឬច្រើនសប្តាហ៍ មុនពេលស្លាប់ដោយសាររបួស អត់ទឹក ឬអត់ចំណី»

កញ្ញា Christel Griffioen បានថ្លែងថា កម្មវិធីស្ដារចំនួនរបាយប្រជាសាស្រ្ដនៃប្រភេទសត្វកម្រ ក្រោមការថែទាំដោយមនុស្ស ជាផ្នែកមួយនៃកម្មវិធីស្តុកទុក និងបង្កាត់ពូជប្រភេទសត្វកម្រ ដើម្បីការពារកុំឱ្យផុតពូជ ហើយការលែងសត្វទាំងនេះត្រឡប់ចូលទៅក្នុងជម្រកធម្មជាតិវិញ អាចធ្វើទៅបានតែនៅក្នុងតំបន់ការពារដែលមានសុវត្ថិភាព និងតំបន់ដែលគ្មានការដាក់អន្ទាក់។ ចំពោះបញ្ហានេះពួកយើងស្នើរសុំឱ្យមានការពង្រឹងការអនុវត្តច្បាប់ ការចុះល្បាតឱ្យមានប្រសិទ្ធភាព និងការអនុវត្តច្បាប់ការហាមឃាត់ការដាក់អន្ទាក់សត្វព្រៃយ៉ាងតឹងរឹងបំផុត។

លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា បានបន្ថែមថា «ជាមួយនឹងកត្តិនាមដ៏ល្បីល្បាញ  លើពិភពលោកអំពីបុរាណស្ថាននានា ខេត្តសៀមរាបក៏ជាខេត្តមួយដែលមានជីវៈចម្រុះសំបូរបែបផងដែរ ហើយមួយផ្នែកធំនៅមិនទាន់បានរកឃើញនៅឡើយទេ។ របាយការណ៍មួយដោយអង្គការ WWF ថ្នាក់តំបន់ បានបញ្ជាក់ពីការរកឃើញ ប្រភេទរុក្ខជាតិ និងសត្វថ្មីក្នុងខេត្តសៀមរាបផ្ទាល់ដោយអ្នកវិទ្យាសាស្រ្ត។ យើងជឿជាក់ថានឹងមានការរកឃើញថ្មីៗបន្តបន្ទាប់ទៀត នៅក្នុងព្រៃ ទឹកសាប និងសមុទ្ររបស់កម្ពុជា»

លោកបានបន្តទៀតថា «ធនធានសត្វព្រៃ គឺជាមោទនភាព និងជាកំណប់ទ្រព្យដ៏មានតម្លៃរបស់យើងទាំងអស់គ្នា។ ដូចនេះ យើងត្រូវការពារធនធានដ៏កmjrនេះពីការបរបាញ់ ការដាក់អន្ទាក់ និងការជួញដូរខុសច្បាប់គ្រប់ទម្រង់ឱ្យបាន»

លោក John Willis នាយកប្រចាំប្រទេសនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានថ្លែងថា៖ «អ្នកប្រមាញ់ដោយមធ្យោបាយដាក់អន្ទាក់អាចនឹងទទួលបានអត្ថប្រយោជន៍ក្នុងរយៈពេលខ្លីសម្រាប់ខ្លួនគាត់។ ប៉ុន្តែចំពោះអ្នកដទៃទៀតនៅក្នុងសហគមន៍គឺទទួលរងនូវការបាត់បង់»

លោកបានបន្តថា អន្ទាក់បានគំរាមកំហែងដល់ប្រាក់ចំណូល ដែលទទួលបានតាមរយៈការលក់ឥណទានកាបូន ដែលជាការរួមចំនែកមួយសម្រាប់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងរារាំងទេសចរណ៍ធម្មជាតិដែលជាប្រភពចំណូល របស់ប្រជាពលរដ្ឋនៅតាមជនបទ។ អន្ទាក់ប្រៀបដូចជាមីនដែលមិនទាន់ផ្ទុះសម្រាប់សត្វព្រៃទាំងឡាយ ពីព្រោះអន្ទាក់សម្លាប់មិនរើសមុខនោះឡើយ។ អន្ទាក់ទាំងនេះក៏បានបំផ្លាញការប្រកបរបរអាជីវកម្ម និងឱកាសសេដ្ឋកិច្ចសម្រាប់គ្រួសារប្រជាពលរដ្ឋស្លូតត្រង់ផងដែរ។

លោក ទុយ សេរីវឌ្ឍនា ប្រធានគ្រប់គ្រងកម្មវិធីអង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ បានយល់ឃើញថា «ដូច្នេះការបញ្ឈប់នឹងបញ្ចប់កាដាក់អន្ទាក់វានឹងនាំមកនូវសន្តិភាពដែលជាកត្តាសំខាន់ផ្តល់ផលប្រយោជន៍ដ៏យូរអង្វែងដល់សត្វព្រៃ ទីជម្រកនឹងសុខមាលភាពរបស់ប្រជាពលរដ្ន។ យើងរួមគ្នាការពារធនធានជីវ:ចម្រុះដ៏អស្ចារ្យ ការបង្កើនជីវភាពសហគមន៍ នឹងសុខភាពសាធារណះតាមរយៈកាលើកស្ទួយ កាផ្លាស់ប្ដូឥរិយាបថជាវិជ្ជមានក្នុងគោលដៅឆ្ពោះទៅរក “អន្ទាក់សូន្យ“ នាពេលអនាគត»

លោក គង់ មុន្នីច័ន្ធ នាយកមូលនិធិម៉ាដក្សចូលីភីត បានបន្ថែមថា «ផ្ទាំងចំលាក់នានានៅប្រាទអង្គរ និងប្រាសទបុរាណនានា នៃកម្ពុជាយើង បានបង្ហាញនូវភ័ស្តុតាងជាច្រើនស្តីពី ការរស់នៅប្រកបដោយតុល្យភាពរវាង មនុស្សនិងសត្វព្រៃ។ បុព្វបុរសខ្មែរ បានបង្ហាញឲ្យយើងដឹងថា ការអភិរក្សធម្មជាតិនិងសត្វព្រៃ គឺជាផ្នែកមួយនៃជីវភាពរស់នៅប្រកបដោយនិរន្តរភាព ជាវប្បធម៌នៃសុខដុមនីយកម្មរវាងមនុស្សនិងធម្មជាតិ។

ពេលនេះ គឺជាពេលដែលយើងគ្រប់គ្នាត្រូវត្រឡប់ទៅអនុវត្តបន្ត នូវបញ្ញាញាណដ៏ត្រឹមត្រូវ ដែលបានបន្សល់ទុកដោយបុព្វបុរសខ្មែរ ដែលនឹងជួយយើងឱ្យរក្សបាននូវសត្វព្រៃកម្រដ៏មានតម្លៃទាំងឡាយ និងពង្រីកឳកាសរកចំណូលតាមរយៈវិស័យអេកូទេសចរណ៍។ យុទ្ធនាការអន្ទាក់សូន្យ គឺជាសារដាស់តឿនដ៏ប្រសើរ និងទាន់ពេលវេលា ឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ប្តូរទស្សនៈ ងាកមកបន្តប្រតិបត្តិតាមលំអានបុព្វបុរស ដោយចូលរួមសង្គ្រោះ និងអភិរក្សសត្វព្រៃ ដ៏កម្រនិងមានតម្លៃ នៃប្រទេសយើង»

លោក លូ វន្នី ប្រធានកម្មវិធីអភិរក្សដីគោក នៃអង្គការ សត្វព្រៃ & រុក្ខជាតិ ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា៖ «ភពផែនដីយើងកំពុងមានការប្រែប្រួល ហើយប្រព័ន្ធអេកូឡូស៊ីដែលយើងកំពុងពឹងផ្អែកលើក៏មានបម្រែបម្រួលដូចគ្នាដែរ។ សកម្មភាពមនុស្សត្រូវបានចាត់ទុកជាកត្តាចម្បងដែលជំរុញឱ្យមានការបម្រែបម្រួលនេះ។ ការប៉ះពាល់ដោយផ្ទាល់រវាងមនុស្ស និងសត្វព្រៃកំពុងកើនឡើងតាមរយៈការដាក់អន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់។ សកម្មភាពខុសច្បាប់ទាំងនេះ បានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះសុខភាពសាធារណៈតាមរយៈការចម្លងជំងឺពីសត្វទៅមនុស្ស។

នៅក្នុងបរិបទនេះ ពិភពលោកបានជំរុញឱ្យមនុស្សទាំងអស់ប្រកាន់យកអភិក្រមសុខភាពតែមួយ ដើម្បីសម្រេចបាននូវលទ្ធផលសុខភាពដ៏ល្អប្រសើរសម្រាប់មនុស្ស សត្វ និងរុក្ខជាតិ និងបរិស្ថានរួម។ ការដក ការកាត់បន្ថយ និងការលុបបំបាត់អន្ទាក់គ្រប់ប្រភេទ ដែលបង្កគ្រោះថ្នាក់ដល់សត្វព្រៃគ្រប់ប្រភេទ នឹងរួមចំណែកកាត់បន្ថយហានិភ័យនៃការកើតឡើងនៃមេរោគថ្មីៗ ដែលត្រូវបានចម្លងពីសត្វទៅមនុស្ស និងក្នុងពេលជាមួយគ្នាធ្វើឱ្យមានតុល្យភាពប្រព័ន្ធអេកូឡូស៊ី និងភាពល្អប្រសើរឡើងនូវសុខុមាលភាពរបស់មនុស្ស»

លោក ប៊ូ វរសក្ស នាយកអង្គការជិវិតធម្មជាតិកម្ពុជា បានគូសបញ្ជាក់ថា៖ «ការបរិភោគសាច់សត្វព្រៃគឺជាមូលហេតុចំបងដែលជំរុញឱ្យមានការដាក់អន្ទាក់ ការបបាញ់ និងការបំពុល។ អន្ទាក់រាប់ពាន់កំពុងតែបន្តដាក់ដើម្បីចាប់សត្វព្រៃ បើសកម្មភាពល្មើសច្បាប់នេះនៅតែបន្តកើនឡើងព្រៃឈើរបស់យើងនិងក្លាយជាព្រៃដែលគ្មានសត្វ។ សាធារណជន អជ្ញាធរមូលដ្ឋាន អង្គការ និងស្ថាប័នមានសមត្ថកិច្ចត្រូវរួមដៃគ្នាទប់ស្តាត់ការដាក់អន្ទាក់ក្នុងព្រៃនិងការជួញដូរសាច់សត្វព្រៃគ្រប់រូបភាព»

សូមជម្រាបថា នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន និងជាប្រធានដឹកនាំយុទ្ធនាការអន្ទាក់សូន្យ, ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប និងមន្ត្រីរាជការជាច្រើនទៀត រួមជាមួយនឹងអង្គការដៃគូចំនួន ៨អង្គការ និងសមាជិកអ្នកសារព័ត៌មានតំណាងឱ្យ ១៧អង្គភាពសារព័ត៌មានផ្សេងៗគ្នា បានរៀបំសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការអន្ទាក់សូន្យ នៅមន្ទីរបរិស្ថានខេត្តសៀមរាប៕