(កណ្ដាល)៖ រដ្ឋបាលស្រុកកៀនស្វាយ បានចេញសេចក្ដីបំភ្លឺករណីលោកយាយម្នាក់អាយុ៩០ឆ្នាំ ដែលបានដាក់ពាក្យបណ្ដឹងអន្ដរាគមន៍ទៅកាន់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយអះអាងថា ដីរបស់លោកយាយត្រូវបានកូន និងចៅ រួមគំនិតគ្នាលួចធ្វើប្លង់រឹង ហើយបណ្ដេញលោកយាយចេញពីផ្ទះថែមទៀតផង។

ក្នុងសេចក្ដីបំភ្លឺដែលផ្ញើមកកាន់បណ្ដាញព័ត៌មាន Fresh News រដ្ឋបាលស្រុកកៀនស្វាយ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម អាជ្ញាធរស្រុក និងអាជ្ញាធរឃុំឈើទាល បានចុះទៅសាកសួរផ្ទាល់ដល់ផ្ទះលោកយាយ​ ដួង មឿន ដែលជាអ្នកស្នាក់នៅផ្ទះកូនស្រីឈ្មោះ តី នឿន គឺមិនមានការលួចដី និងបណ្ដេញចេញពីផ្ទះ ដូចលោកយាយបានបញ្ជាក់នោះទេ។

គួរជម្រាបថា ការចេញមកបំភ្លឺនេះ បន្ទាប់ដូនចាស់ម្នាក់អាយុ៩០ឆ្នាំ រស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ឈ្មោះ ដូង មឿន បានដាក់ពាក្យបណ្ដឹងសុំកិច្ចអន្ដរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីកូន និងចៅនាំគ្នាលួចធ្វើប្លង់ដីធ្លី ហើយបង្ខំឲ្យលោកយាយរុះរើផ្ទះចេញពីលើដីទំហំ ១០ម៉ែត្រ គុណ១១០ម៉ែត្រថែមទៀត។

តាមរយៈលិខិតនេះ លោកយាយ ដូង មឿន បានស្នើសុំកិច្ចអន្ដរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មេត្ដាជួយរកយុត្តិធម៌ដើម្បីឲ្យលោកយាយទទួលបានសិទ្ធិកាន់កាប់ដីទាំងស្រុងត្រឡប់មកវិញ៕