(ភ្នំពេញ)៖ តាមរយៈកម្មវិធី Lanton Cloud របស់ក្រុមហ៊ុនអាកាសចរណ៍ឡានម៉ី (Lanmei Airlines) ភ្ញៀវទេសចរអន្តរជាតិកាន់តែងាយស្រួលក្នុងការកក់សំបុត្រយន្តហោះ និងកក់សណ្ឋាគារសម្រាប់ការស្នាក់នៅនៅប្រទេសកម្ពុជា ព្រមទាំងនៅប្រទេសចិន និងបណ្ដាប្រទេសសមាជិកអាស៊ាន ដែលកម្មវិធីនេះគ្រោងដាក់ដំណើរចាប់ពីចុងខែមិថុនា ឆ្នាំ២០២៣ តទៅ។

ដោយមើលឃើញពីសារសំខាន់ចាំបាច់ក្នុងការទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជា និងលើកស្ទួយវិស័យសណ្ឋាគារនៅកម្ពុជាកាន់តែល្អប្រសើរផងនោះ សមាគមសណ្ឋាគារកម្ពុជា (CHA) ក៏បានចូលរួមសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ឡានម៉ី ដើម្បីបញ្ចូលសេវាកម្មសណ្ឋាគារនៅកម្ពុជាទៅក្នុងកម្មវិធី Lanton Cloud នោះ សំដៅសម្រួលដល់ការកក់សណ្ឋាគារស្នាក់នៅរបស់ភ្ញៀវទេសចរបរទេសឱ្យកាន់តែងាយស្រួល ពោលគឺភ្ញៀវទេសចរកក់សំបុត្រយន្តហោះ និងកក់សណ្ឋាគារបាននៅក្នុង Lanton Cloud App តែមួយ ដែលវាងាយស្រួល រហ័ស សន្សំសំចៃ មានជម្រើសសម្បូរបែប និងនវានុវត្តន៍។

កិច្ចសហការនេះអនុវត្តទៅបានតាមរយៈការចុះអនុស្សរណយោគយល់គ្នារវាងលោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា (CHA) ជាមួយលោក លី ឃុន (Li Kun) ប្រធាននិងនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ឡានម៉ី (Lanmei Airlines) ដែលបានធ្វើឡើងនាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារ Frangipani Royal Palace Hotel។

លោក លី ឃុន បានឱ្យដឹងថា ផ្នែកកក់សណ្ឋាគារនៅក្នុង Lanton Cloud នឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីផ្តល់សេវាកម្មកក់សណ្ឋាគារសម្រាប់អ្នកប្រើប្រាស់ទាំងអស់។

នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ឡានម៉ីបានបន្តថា តាមរយៈកម្មវិធី Lanton Cloud ភ្ញៀវទេសចរមិនត្រឹមតែកក់សំបុត្រយន្តហោះប៉ុណ្ណោះទេ ក៏អាចកក់សណ្ឋាគារសម្រាប់ការស្នាក់នៅកម្ពុជាផងដែរ។

លោកប្រធាន ឌិន សុមេធារិទ្ធ បានអំពាវនាវដល់សមាជិករបស់សមាគម CHA ដែលមាននៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប កំពត កែប ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ក្រចេះ រតនគិរី មណ្ឌលគិរី និងខេត្តផ្សេងទៀតសូមចូលរួមសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ឡានម៉ីឱ្យបានផុសផុល ដើម្បីបង្កើនការទាក់ទាញអតិថិជនទាំងអស់គ្នា និងជួយឱ្យទីផ្សារសេវាកម្មសណ្ឋាគារកាន់តែទូលំទូលាយជាងមុន។

លោក ឌិន សុមេធារិទ្ធ មានសុទិដ្ឋិនិយមថា តាមរយៈកម្មវិធី Lanton Cloud នេះ គឺជាយុទ្ធសាស្ត្រទីផ្សារថ្មីមួយទៀតក្នុងការទាក់ទាញអតិថិជនឱ្យចូលស្នាក់នៅសណ្ឋាគារ ក្រោមការរំពឹងថាកំណើនភ្ញៀវទេសចរនៅកម្ពុជានឹងបន្តកើនឡើង។

សមាគមសណ្ឋាគារកម្ពុជាក៏នឹងជួយជ្រមជ្រែងលើការរៀបចំសន្និសីទផ្សព្វផ្សាយ បង្កើនអត្រាប្រើប្រាស់របស់អតិថិជន និងការគាំទ្រដើម្បីបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់សេវាកម្មសណ្ឋាគារប្រកបដោយប្រសិទ្ធភាព៕