(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ផ្តើមចេញពីបទពិសោធន៍ដ៏ឈឺចាប់ក្នុងជីវិតនៃការបាត់បង់កូន នាំឱ្យសម្តេចគិតគូរខ្ពស់ដល់កម្មការិនីមានផ្ទៃពោះ។

ការបង្ហាញពីភាពឈឺចាប់បែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនានា នៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងកំពង់ឆ្នាំង។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើថា ថ្មីៗនេះ សម្តេចក៏បាននិយាយរួចហើយ ដោយចង់បានឱ្យស្ត្រីមានផ្ទៃពោះចាប់ពី ៣ខែឡើងទៅ ត្រូវបានចេញមុនម៉ោងរយៈពេលយ៉ាងតិច១៥នាទី បើចេញជាមួយគ្នាវាអាចប៉ះទង្គិចគ្នាដែលអាចនាំឱ្យរលូតកូន។

ចំពោះករណីនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ករណីដែលអនុញ្ញាតឱ្យស្ត្រីមានផ្ទះពោះចេញមុនម៉ោង ត្រូវបានបុគ្គលមួយចំនួនបានលើកឡើងថា វាជារឿងតូចតាច ប៉ុន្តែ សម្រាប់សម្តេចគឺចាត់ទុករឿងដែលប៉ះពាល់នឹងផលប្រយោជន៍ និងជីវិតរបស់ប្រជាពលរដ្ឋ មិនមែនជារឿងតូចតាចនោះឡើយ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖ «ប្រពន្ធរលូត ស្ត្រីរលូតកូន ស្ត្រីនោះមានការសោកស្តាយ និងឈឺចាប់ប៉ុណ្ណា? ឪពុក ដែលជាប្តី ស្ត្រីរលូតកូននោះ ឈឺចាប់ប៉ុណ្ណា រឿងនេះ ខ្ញុំធ្លាប់បានជួបប្រទះខ្លួនឯង។ ជួបប្រទះលើកទី១ កូនស្លាប់ នៅនឹងមុខ សុំគេយកកូនទៅកប់ ក៏គេមិនឱ្យ សុំគេមកតែទាំងភរិយាដែលទើបឆ្លងទន្លេក៏គេមិនឱ្យ តើយើងឈឺចាប់ប៉ុណ្ណា?»

ជាមួយនឹងការឈឺចាប់ដែលមិនអាចភ្លេចបាន នៃការបាត់បង់កូនជាទីស្រឡាញ់, សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកថា បន្ទាប់ពីផ្តួលរលំរបបខ្មែរក្រហមហើយ សម្តេច និងភរិយា បានមករស់នៅក្រុងភ្នំពេញ គ្រាដ៏លំបាកដែលបន្សល់ពីសង្គ្រាមស៉ីវិលនេះ សម្តេច និងភរិយា ក៏បានជួបប្រទះនឹងបញ្ហារលូតកូនជាលើកទី២ ដោយសារតែខ្វះការយកចិត្តទុកដាក់របស់សម្តេចខ្លួនឯងតែម្តង។

«នៅភ្នំពេញសម័យនោះអត់មានទឹកប្រើប្រាស់នោះទេ ក្មួយៗ ចៅៗទាំងឡើយ ព្រលឹមឡើងក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស ត្រូវទៅដងទឹកពីមាត់ទន្លេមេគង្គ អូសទឹកយកមក ថ្ងៃមួយប្រញាប់ទៅប្រជុំ ក៏ទៅប្រជុំ អ៊ឹចឹងប្រពន្ធខ្វះទឹកប្រើប្រាស់ក្នុងបន្ទប់ទឹក គាត់ក៏ទៅយួរទឹកមក បានកើតរឿងរលូតកូន អ៊ឹចឹងពូយល់ណាស់ពីបញ្ហាទាំងនេះ អ្នកខ្លះគិតថារឿងនេះ កំប៉េកកំប៉ុក ក៏ប៉ុន្តែសម្រាប់អត់កំប៉េកកំប៉ុកទេ»។ នេះជាការគូសរំលឹកឱ្យដឹងរបស់សម្តេចតេជោ ហ៊ុន សែន។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា អ្វីដែលជាផលប្រយោជន៍របស់ប្រជាជន អ្វីដែលជាផលប្រយោជន៍ទាក់ទងជាមួយជីវិតមនុស្ស គឺសម្តេចឱ្យតម្លៃខ្ពស់ ហើយរកវិធីសាស្ត្រដោះស្រាយ និងសូមអរគុណបណ្តាលរោងចក្រទាំងអស់ដែលបានអនុញ្ញាតឱ្យកម្មការិនី មានផ្ទះពោះបានចេញមុនម៉ោងកំណត់១៥នាទី។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ «រឿងទាំងអស់ដែលពាក់ព័ន្ធនឹងផលប្រយោជន៍ប្រជាជនកុំចាត់ទុកថាជារឿងតូចតាច ត្រូវចាត់ទុកថារឿងនោះជារឿងដែលយើងត្រូវដោះស្រាយ ហើយខ្ញុំមានមោទនភាពជាមួយនឹងអ្វីដែលយើងបានដោះស្រាយមុនពេលមកជួប និងក្រោយពេលមកជួបកម្មករ កម្មការិនី»

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏ណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជជែកជាមួយថៅកែរោងចក្រ ឱ្យជួយរ៉ាប់រងលើគោលនយោបាយគាំពារលើកម្មការិនីពេលមានផ្ទៃពោះ៕