(ត្បូងឃ្មុំ)៖ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដ និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានបន្តចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ទៅចែកផ្តល់ជូនប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះបំផុត ចំនួនសរុប៥៥៩គ្រួសារ ក្នុងនោះ ១៨១គ្រួសារ នៅឃុំជាំ និង៣៧៨គ្រួសារទៀត រស់នៅឃុំត្រមូង និងឃុំមេមត់ ស្រុកមេមត់ ខេត្ដត្បូងឃ្មុំ។

នាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយនោះឡើយ ដោយមិនដែលទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារ និងមានការដោះស្រាយអ្វីឡើយ ស្របតាមទិសស្លោក «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ទៅដល់ជានិច្ច។

លោកបណ្ឌិត អភិបាលខេត្ត បន្តថា ប្រទេសជាតិ មានសន្តិភាព ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ធ្វើអោយមានការអភិវឌ្ឍន៍ទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ មានការរីកចម្រើនមកដល់ពេលបច្ចប្បន្ននេះ អរគុណសន្តិភាព និងសូមអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ជូនសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិបន្តបន្ទាប់ និងសូមគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជនបន្តវេណ ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិបន្ថែមទៀត។

ជាចុងក្រោយលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់បងប្អូនទាំងអស់សូមបន្តយកចិត្តទុកដាក់ អនុវត្តអោយបានខ្ជាប់ខ្ជួន វិធានសុខាភិបាល និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ ចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតមានពិសេសគ្រោះអគ្គិភ័យ អាចបណ្តាលឱ្យបាត់បង់ទ្រព្យសម្បត្តិ និងលំនៅដ្ឋានប្រសិនបើមានការធ្វេសប្រហែសណាមួយកើតឡើង។

បើតាមលោក វង វ៉ាន់នី នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ អំណោយមនុស្សធម៍ចែកជូនគ្រួសារក្រីក្របំផុតចំនួន៥៥៩គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ២៥គីឡូក្រាម, ត្រីខ១យូ, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ១យួរ មី១កេស និងថវិកាមួយចំនួនផងដែរ៕