(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លូវការ កម្មវិធីបញ្ញវ័នឌីជីថល - Digital Talents។ ពិធីនេះ បានរៀបចំធ្វើឡើង នាទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ពិធីនេះ ក៏មានការអញ្ជើញចូលរូមពីលោក សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា លោក សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង លោក លោកស្រី មន្ត្រីរាជការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ភ្ញៀវកិត្តិយស និស្សិត និងសិស្សានុសិស្សផងដែរ។

ថ្លែងនៅក្នុងពិធីបើកនាឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងថា កម្មវិធីបញ្ញវន្តឌីជីថលនេះ នឹងជួយលើកកម្ពស់កសាងធនធានមនុស្សឆ្នើមរបស់កម្ពុជាយើង ជាពិសេសការជំរុញដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យ អាចស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល តាមរយៈការចូលរួមប្រកួតប្រជែង និងទទួលបានការហ្វឹកហាត់ពីអ្នកជំនាញ។

លោករដ្ឋមន្ត្រី បានបន្តថា ការកសាងធនធានមនុស្ស គឺជាបេសកកម្មដ៏សំខាន់របស់ក្រសួងអប់រំ យុវជន និងកីឡា ហើយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចូលរួមជាផ្នែកមួយ លើការកសាងធនធានមនុស្សក្នុងវិស័យឌីជីថល។

លើសពីនេះទៅទៀត លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ចូលរួមដាក់ពាក្យនៅក្នុងកម្មវិធីប្រកួតប្រជែងនេះ ដើម្បីបង្ហាញទេពកោសល្យ និងពង្រីកសក្ដានុពលរបស់ខ្លួន។

លោករដ្ឋមន្ត្រី បានប្រកាសថា សិស្សានុសិស្សដែលទទួលបានជ័យលាភីលេខ១ ទទួលបានទឹកប្រាក់ ១៥លានរៀល ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ ១០លានរៀល និងជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់ ៥លានរៀល ព្រមទាំងទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងឱកាសទៅទស្សនកិច្ចសិក្សាជាមួយក្រុមហ៊ុនបច្ចេកវិទ្យានៅក្រៅប្រទេស។ ដោយឡែកជ័យលាភីលេខ៤ ដល់លេខ២០ ទទួលបានកុំព្យូទ័រយួរដៃ ១គឿង និងប្រាក់ឧបត្ថមផងដែរ។

លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និងកីឡា ចំពោះការគាំទ្រលើដំណើរការនេះ ព្រមទាំងដៃគូសហការឧបត្ថម្ភទាំងអស់។ ការគាំទ្រ និងសហការទាំងនេះ គឺបង្ហាញឲ្យឃើញពីឆន្ទៈរបស់យើងស្របនឹងពាក្យស្លោក «ចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាឆ្ពោះទៅឌីជីថល»

កម្មវិធីបញ្ញវន្តឌីជីថល ជាកម្មវិធីអប់រំកំសាន្ត ផលិតដោយ ក.ប.ទ. និងមានការគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងដៃគូសហការឧបត្ថមកម្មវិធីរួមមាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ក្រុមហ៊ុន Smart Axiata គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ក្រុមហ៊ុន Huawei Cambodia។

កម្មវិធីនេះ ចាប់ផ្តើមទទួលពាក្យរបស់បេក្ខជនដែលកំពុងសិក្សាពីថ្នាក់ទី១០ ដល់ទី១២ ទូទាំងប្រទេសកម្ពុជា ដែលចាប់ផ្តើមជ្រើសរើសខេត្តចំនួន៦ ដូចជា រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តតាកែវ និងខេត្តកណ្តាល ចាប់ពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ និងបិទទទួលពាក្យនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣៕