(កណ្ដាល)៖ ដូនចាស់ម្នាក់អាយុ៩០ឆ្នាំ រស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ឈ្មោះ ដូង មឿន បានដាក់ពាក្យបណ្ដឹងសុំកិច្ចអន្ដរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីកូន និងចៅនាំគ្នាលួចធ្វើប្លង់ដីធ្លី ហើយបង្ខំឲ្យលោកយាយរុះរើផ្ទះចេញពីលើដីទំហំ ១០ម៉ែត្រ គុណ១១០ម៉ែត្រថែមទៀត។

ក្នុងពាក្យបណ្ដឹងសុំកិច្ចអន្ដរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២​ ខែមិថុនា ឆ្នាំ២០២៣នេះ លោកយាយ ដូង មឿន បានរៀបរាប់ថា លោកយាយទទួលបានអំណោយពីរដ្ឋដីទំហំ១០ម៉ែត្រ គុណ១១០ម៉ែត្រ សម្រាប់សងផ្ទះទាមរស់នៅ រហូតដល់ឆ្នាំ២០០១ លោកយាយបានសង់ផ្ទះទំហំ៥ម៉ែត្រ គុណ៧ម៉ែត្រ ធ្វើអំពីឈើប្រកក្បឿង ដើម្បីស្នាក់នៅបន្ដ។

លុះដល់ឆ្នាំ២០០៩ លោកយាយបានសាងសង់ផ្ទះមួយទៀត ទំហំ៥ម៉ែត្រ គុណ៧ម៉ែត្រ ធ្វើអំពីថ្ម (នៅខាងលើផ្ទះសង់អំពីឈើ) ពេលនោះដោយឃើញជីវភាពកូនស្រីឈ្មោះ តី ណែម មានជីវភាពខ្វះខាត ប្ដីស្លាប់ និងមានកូន៣នាក់តូចៗនៅក្នុងបន្ទុក ទើបឲ្យខ្ចីផ្ទះទំហំ៥ម៉ែត្រ គុណ៧ម៉ែត្រ ធ្វើអំពីថ្មស្នាក់នៅជាបណ្ដោះអាសន្ន ដើម្បីប្រកបមុខរប​រលក់ចាប់ហ៊ួយដោះស្រាយជីវភាពរស់នៅ។

នៅឆ្នាំ២០១១ មានខាងផ្នែកសុរិយោដីចុះមកវាស់វែង ធ្វើប្លង់កម្មសិទ្ធិដីធ្លី ពេលនោះខ្ញុំសម្រេចចែកដីលំនៅដ្ឋានទំហំ១០ម៉ែត្រ គុណ១១០ម៉ែត្រ ឲ្យទៅកូនស្រីពីរនាក់ ១៖ឈ្មោះ តី នឿន, ២៖ឈ្មោះ តី ណែម ដោយមានចំណែកស្មើៗគ្នា។ ដោយឡែកផ្ទះទំហំ៥ម៉ែត្រ គុណ៧ម៉ែត្រ ធ្វើអំពីឈើប្រកក្បឿង និងផ្ទះទំហំ៥ម៉ែត្រ គុណ៧ម៉ែត្រ ធ្វើអំពីថ្មចែកឲ្យ កូនស្រីមួយណាមានចិត្តកត្តញ្ញូមើលថែរក្សា លោកយាយរហូតស្លាប់ និងបំពេញកិច្ចធ្វើបុណ្យធ្វើទានតាមទំនៀមដោយទំលាប់ប្រពៃណីព្រះពុទ្ធសាសនា។

លុះដល់ឆ្នាំ២០១៩ស្រាប់តែមានចេញប្លង់កម្មសិទ្ធិដីធ្លីចំនួន៥ប័ណ្ណ មាន១៖ឈ្មោះ តី ណែម, ២៖ឈ្មោះ តី នឿន, ៣៖ឈ្មោះ ម៉ាក់ ម៉ាលៀង, ៤៖ឈ្មោះ ម៉ាក់ ម៉ាលីន និង៥៖ ឈ្មោះម៉ាក់ ម៉ារ៉ា ទៅវិញ។ ក្នុងចំណោមឈ្មោះនៅក្នុងប្លង់កម្មសិទ្ធិដីធ្លីបីនាក់ ១៖ឈ្មោះ ម៉ាក់ ម៉ាលៀង, ២៖ឈ្មោះ ម៉ាក់ ម៉ាលីន, ៣៖ឈ្មោះ ម៉ាក់ ម៉ារ៉ា ត្រូវជាកូនរបស់ឈ្មោះ តី ណែម (ចៅ) ជាអ្នកមិនត្រូវទទួលបានចំណែកលើដីមានទំហំ១០ម៉ែត្រ គុណ១១០ម៉ែត្រ ខាងលើនេះទេ។

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ឈ្មោះ ម៉ាក់ ម៉ាលៀង, ឈ្មោះ ម៉ាក់ ម៉ាលីន, ឈ្មោះ ម៉ាក់ ម៉ារ៉ា ត្រូវជាកូនរបស់ឈ្មោះ តី ណែម បានហៅជាងមកធ្វើរបងចាំពទ្ឋលើដីផ្ទះរបស់លោកយាយកំពុងរស់នៅម្តងរួចមកហើយ ប៉ុន្តែលោកយាយបានបដិសេដមិនឲ្យធ្វើរបងនោះទេ។ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ឈ្មោះ ម៉ាក់ ម៉ាលៀង, ឈ្មោះ ម៉ាក់ ម៉ាលីន, ឈ្មោះ ម៉ាក់ ម៉ារ៉ា ត្រូវជាកូនរបស់ឈ្មោះ តី ណែម បានហៅមេភូមិមកវាស់វែងបាញ់កំណត់ព្រំសម្គាល់ដី ចំពោះការកំណត់ព្រំសម្គាល់ដីនេះ គឺចំផ្ទះសង់អំពីឈើទាំងស្រុងលោកយាយកំពុងរស់នៅពេលនោះ ពួកគេបានប្រាប់ឲ្យលោកយាយរុះរើចេញពីដីដែលមានប្លង់កម្មសិទ្ធិដីធ្លីដែលមានឈ្មោះរបស់ពួកគេ។

តាមរយៈលិខិតនេះ លោកយាយ ដូង មឿន បានស្នើសុំកិច្ចអន្ដរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មេត្ដាជួយរកយុត្តិធម៌ដើម្បីឲ្យលោកយាយទទួលបានសិទ្ធិកាន់កាប់ដីទាំងស្រុងត្រឡប់មកវិញ៕