(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមគ្រូពេទ្យស័្មគ្រចិត្តរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល «ស.វ.ស» ចំនួន ២៣០នាក់ ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
កម្មវិធីលើកកម្ពស់ និងផ្ដល់សេវាសុខភាពទូទៅ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានពាំនាំសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោកតា លោកយាយ និងប្រជាពលរដ្ឋ ដែលមកទទួលសេវាពីក្រុមគ្រូពេទ្យ។
លោករដ្ឋមន្ត្រីបានថ្លែងបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឱ្យកម្ពុជាយើងមានសុខសន្ដិភាព ស្ថេរភាពនយោបាយ គ្រប់គ្រងកូវីដ១៩ មានកេ្ដរ្ដិ៍ឈ្មោះល្បីនៅលើពិភពលោក រួមទាំងការដឹកនាំអាស៊ានកន្លងមក ក៏ដូចជាព្រឹត្ដិការកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ទទួលបានជោគជ័យជាបន្តបន្ទាប់។
លោកសាស្ត្រាចារ្យបានថ្លែងបន្ត សម្រាប់ថ្ងៃនេះក្រុមការងាររបស់យើង បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការជាក្រុមរួមគ្នា ដើម្បីជួយប្រជាពលរដ្ឋយើង លើផ្នែកសុខភាព ដូច្នេះក្រុមពេទ្យរបស់នឹងផ្តល់សេវាជូនគ្រប់ផ្នែកទាំងអស់។
ក្នុងឳកាសនោះ លោករដ្ឋមន្ត្រីបានថ្លែងអំពាវនាវ ដល់ប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញឲ្យបានគ្រប់ៗគ្នា ។លើសពីនោះ ដល់រដូវធ្លាក់ភ្លៀង លោកសាស្ត្រាចារ្យ ក្រើនរម្លឹកប្រជាពលរដ្ឋ សម្អាតបរិស្ថានជុំវិញគេហដ្ឋាន កុំឱ្យមានទឹកដក់ បណ្តាលឲ្យមានជម្រកមូសខ្លា ខាំឱ្យកើតជំងឺគ្រុនឈាម។
សូមជម្រាបថា ការចុះអប់រំសុខភាព និងផ្តល់សេវាសុខភាពទូទៅជូនប្រជាពលរដ្ននេះ គឺដើម្បីបង្ខិតសេវាសុខាភិបាល និងសកម្មភាពមនុស្សធម៌ ឱ្យខិតជិតដល់ប្រជាពលរដ្ឋ តាមសហគមន៍និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខភាព និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។
សម្រាប់ការការផ្តល់សេវាកម្មពិនិត្យសុខភាពនៅថ្ងៃនេះ ជូនប្រជាពលរដ្ឋ មានពិនិត្យពិគ្រោះព្យាបាលជំងឺទូទៅ (មនុស្សពេញវ័យ និងកុមារ), ពិនិត្យមាត់-ធ្មេញ, ពិនិត្យភ្នែក (មានផ្តល់វ៉ែនតា), ពិនិត្យជំងឺបេះដូង-វាស់សង្វាក់បេះដូង អេកូបេះដូង, ពិនិត្យផ្ទៃពោះ និងអេកូពោះ, ព្យាបាលដោយចលនា, មន្ទីរពិសោធន៍, ផ្តល់ឱសថ ដោយឥតគិតថ្លៃជាដើម៕