(ក្រចេះ)៖ កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង សហការជាមួយមន្រ្តីបរិស្ថានដែនជំរកសត្វព្រៃសំបូរ បានបង្ក្រាបរថយន្ដធុនធំមួយគ្រឿង ដឹកឈើថ្មី បង្កប់ឈើផ្ទះចាស់គ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ នៅចំនុចភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

លោក កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង បានឲ្យដឹង នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣នេះថា រថយន្ដម៉ាក DEAWOO ប្រភេទវេអង ពណ៌ស ពាក់ផ្លាកលេខត្បូងឃ្មុំ3A-0936 ទ្រុងពណ៌ទឹកបិច ដឹកឈើថ្មី បង្កប់ឈើផ្ទះចាស់គ្មានលិខិតអនុញ្ញាត ត្រូវបានកម្លាំងធ្វើការបង្ក្រាបតាំងពីល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ប៉ុន្តែដោយឈើលាយឡំគ្នាច្រើន កម្លាំងធ្វើការរុះរើទើបរួច។

លោកនាយសង្កាត់ បានបញ្ជាក់ទៀតថា រថយន្ដមួយគ្រឿងនោះ ដឹកឈើអា ប្រភេទលេខ១ និងលេខ២ ចំនួន១៥០សន្លឹក ប្រមាណជិត៥ម៉ែត្រគូបបង្កប់ក្នុងឈើផ្ទះចាស់។ បច្ចុប្បន្នវត្ថុតាងរថយន្ដ និងឈើយកមករក្សាទុកបណ្ដោះអាសន្ន នៅសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង ដើម្បីចាត់ការតាមនិតិវិធីនៃច្បាប់ ស្ដីពីព្រៃឈើ៕