(កណ្តាល)៖ ស្លាបមាន់ខូចគុណភាពនាំចូលពីប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចាប់បាន និងដុតកម្ទេចចោល នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងនគរបាលខេត្តកណ្ដាល បានឲ្យដឹងថា ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត, កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តកណ្ដាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដោយមានការសម្របសម្រួលនិតិវិធីពីលោក លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីធ្វើការឃាត់រថយន្តមួយគ្រឿងម៉ាក SAANGYONG ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខភ្នំពេញ:2BH-9510 ដឹកស្លាបមាន់បង្កក នៅចំណុចគល់ស្ពានក្រវាត់ក្រុងទី២ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ករណីនេះ សមត្ថកិច្ចឃាត់ខ្លួនបានមនុស្ស២នាក់ អ្នកបើកបរ ឈ្មោះ ឡុញ សម្បត្តិ អាយុ៣៣ឆ្នាំ នៅភូមិថ្មី ឃុំបូសឹម ស្រុករំដួល ខេត្តស្វាយរៀង និងម្នាក់ទៀតព្រូឡាន ឈ្មោះ ស វុទ្ធី អាយុ២៨ឆ្នាំ នៅភូមិសម៉រ ឃុំបូសម៉ូន ស្រុករំដួល ខេត្តស្វាយរៀង។ បន្ទាប់មកក្រុមការងារបានយកវត្ថុតាងខាងលើ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បណ្ដោះអាសន្នរង់ចាំការអនវត្តនីតិវិធីបន្ត។

រហូតមកដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីកម្លាំងសាខាកិច្ចការពាអ្នកប្រើប្រាស់ និងការប្រកួតប្រជែងមិនស្មោះត្រង់ (ក.ប.ប) ខេត្តកណ្ដាល កម្លាំងមន្រ្តីបសុសត្វខេត្តកណ្ដាល ដើម្បីយកសំណាកធ្វើការវិភាគនៅមន្ទីរពិសោធន៍រកមេរោគឆ្លង និងសារធាតុគីមីហាមឃាត់។ ក្រោយពិនិត្យសមត្ថកិច្ចជំនាញ លទ្ធផលវិភាគបញ្ជាក់ថា ស្លាប់មាន់ទាំងនេះមិនមានសារធាតុគីមីហាមឃាត់ និងមិនមានមេរោគឆ្លងអ្វីទេ ប៉ុន្តែដោយគ្មានឯកសារច្បាប់នាំចូល និងការដឹកជញ្ជូនមិនមានលក្ខណៈបទដ្ឋានបច្ចេកទេសត្រឹមត្រូវធ្វើទំនិញត្រូវខូចគុណភាព (ស្លាបមាន់ខូចគុណភាព) ដូច្នោះលោកព្រះរាជអាជ្ញា បានសម្រេចឲ្យក្រុមការងារដឹកជញ្ជូនវត្ថុតាងយកទៅបំផ្លាញចោលនៅឃុំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ករណីនេះ អ្នកតំណាងម្ចាស់ទំនិញ បានយល់ព្រមបង់ប្រាក់ពិន័យតាមច្បាប់ស្ដីពីការគ្រប់គ្រងគុណភាពសុវត្ថិភាព លើផលិតផលទំនិញ និងសេវាមាត្រា៦២៕