(ភ្នំពេញ)៖ មន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះ បានទទួលថវិកាឧបត្ថម្ភចំនួន ១លានដុល្លារអាមេរិក ពីកាកបាទក្រហមកម្ពុជា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដែលប្រព្រឹត្ដទៅនៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

ពិធីប្រគល់និងទទួលនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោក រស់ សីលវ៉ា នាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា, លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយកមូលនិធិគន្ធបុប្ផាស្វីស និងលោកសាស្ដ្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។

លោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី បានថ្លែងថា គិតចាប់តាំងពីឆ្នាំ២០១២មក នេះជាលើកទី១២ ដែលកាកបាទក្រហមកម្ពុជា មាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភថវិកា ១លានដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផា ហើយក៏ត្រូវនឹងលើកទី៦ ដែលផ្ដល់ជូនតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា។

លោកស្រីកិត្ដិបណ្ឌិត បានគូសបញ្ជាក់ថា «ទោះនៅក្នុងកាលៈទេសៈណាក៏ដោយ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរមុនគេក្នុងការជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះជាមន្ទីរពេទ្យដែលជួយសង្គ្រោះជីវិតកុមារកម្ពុជា តាមរយៈការពិនិត្យព្យាបាលដោយឥតគិតថ្លៃ។ ដូច្នេះនេះជាការចូលរួមចំណែកជួយដល់កុមារងាយរងគ្រោះបំផុតផង និងជួយទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទស្សនវិស័យកុមារជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា»

លោកស្រីកិត្ដិបណ្ឌិត បានថ្លែងបន្ដថា «ចំពោះការកៀរគររកមូលនិធិរបស់កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ គឺយើងបន្ដទទួលបានការឧបត្ថម្ភគំាទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន បើគិតត្រឹមខែឧសភា​ ឆ្នាំ២០២៣​ ទទួលបានមូលនិធិសរុបចំនួន​ ១៣,៩៧០,១៩០ដុល្លារអាមេរិក​ និងមានជាសម្ភារៈជាច្រើនទៀត។ ថវិកាដែលកាកបាទក្រហមកម្ពុជា ទទួលសប្បុរសជននេះ គឺតែងតែបម្រើដល់ការងារមនុស្សធម៌ ជួយសង្គ្រោះជនងាយរងគ្រោះបំផុត ជាក់ស្ដែងដូចថ្ងៃនេះ គឺបានជួយសង្គ្រោះជីវិតកុមារកម្ពុជា តាមរយៈការផ្ដល់ថវិកាដល់មូលនិធិគន្ធបុប្ផា។

ក្នុងឱកាសនោះផងដែរលោកស្រីកិត្ដិបណ្ឌិត អ៊ុក ម៉ាលី ក៏បានពាំនាំនូវប្រសាសន៍សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កោតសរសើរជូនដល់ស្ថាបនិក-ថ្នាក់ដឹកនាំ នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានខិតខំប្រឹងប្រែងកៀរគររកមូលនិធិដើម្បីទ្រទ្រង់ដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ជាពិសេស ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យកុមារគន្ធបុប្ផាទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ដ ស្មារតី និងពេលវេលា តស៊ូ សង្គ្រោះជីវិតកុមារកម្ពុជាជាច្រើនម៉ឺននាក់ក្នុងមួយឆ្នាំៗ។

លោកស្រីកិត្តិបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិគន្ធបុប្ផាស្វីស ដែលនៅតែបន្តឧបត្ថម្ភគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននិរន្តរភាពទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យកុមារគន្ធបុប្ផា។

ជាកិច្ចឆ្លើយតប លោក រស់ សីលវ៉ា ក្នុងនាម លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបន្តចូលរួមចំណែកជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលនេះបានបង្ហាញពីការគិតគូររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការលើកកម្ពស់សុខុមាលភាពកុមារ ដែលជាមូលធនមនុស្សនៅកម្ពុជា និងជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ, បន្ទាប់ពីបង្កើត និងដាក់ឱ្យដំណើរការជាផ្លូវការមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចទាំងទ្វេជាស្ថាបនិក និងជាប្រធានកិត្ដិយសរបស់មូលនិធិផ្ទាល់។

លោកក៏បានថ្លែងប្រកបដោយសុទិដ្ឋិនិយមថា «វិភាគទានដ៏ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា នឹងចូលរួមចំណែកធានានូវចីរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យកុមារគន្ធបុប្ផា ព្រមទាំងធានាថាកុមារកម្ពុជា នឹងបន្ដទទួលបានការធានានូវការគាំពារផ្នែកសុខភាព»

ទន្ទឹមនឹងនេះ លោកក៏បានជម្រាបជូនផងដែរអំពីបញ្ហាប្រឈមរបស់មន្ទីរពេទ្យកុមារគន្ធបុប្ផា ដូចជា៖ ស្ត្រីសម្រាលកូននៅពុំទាន់មានគ្រែសម្រាកគ្រប់គ្រាន់, អត្រាមរណភាពទារកទើបកើតនៅមន្ទីរពេទ្យកុមារគន្ធបុប្ផាភ្នំពេញ នៅមានកម្រិតមួយដែលគួរត្រូវយកចិត្តទុកដាក់បន្ថែម, និងមន្ទីរពេទ្យក៏កំពុងសាងសង់អគារសម្ភពថ្មីមួយ ដែលមានគ្រែសម្រាកចំនួន ១២០គ្រែ (ក្នុងនោះមានគ្រែសម្រាកព្យាបាលសង្គ្រោះទារកចំនួន ២០គ្រែ) នៅមន្ទីរពេទ្យជ័យវរ័្មនទី៧សៀមរាប និងបានពង្រីកបន្ថែមលើការព្យាបាលជំងឺមហារីកផ្សេងៗលើកុមារ តាមវិធីព្យាបាលដោយថ្មាំគីមីផងដែរ។

ជាមួយគ្នានោះ លោកសាស្ដ្រាចារ្យ គី សន់ទី តំណាងមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងថា «តាងនាមយើងខ្ញុំ ជាថ្នាក់ដឹកនាំនិងបុគ្គលិកមន្ត្រីរាជការ នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យជ័យវរ័្មនទី៧ (គន្ធបុប្ផាទី៣) ក្នុងខេត្តសៀមរាប ព្រមទាំងកូនចៅប្រជាពលរដ្ឋទាំងអស់ ដែលបានទទួលការថែទាំព្យាបាល -សង្រ្គោះជីវិត នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា សូមគោរពថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុត ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ ដល់សុខុមាលភាពកុមារ និងមាតា និងតែងតែបន្តឧបត្ថម្ភថវិកាចំនួន ១លានដុល្លារ ជាលើកទី១២ តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្ថាបនិក និងជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងមានលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជាប្រយោជន៍ក្នុងបេសកកម្ម ពិនិត្យព្យាបាលសង្គ្រោះកុមារកម្ពុជា ជាកូនចៅ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព គួរជាទីទុកចិត្ត និងពុំមានការរើសអើង។ យើងខ្ញុំទាំងអស់គ្នា សូមលើកអញ្ជលី បួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក ជួយថែរក្សាសម្តេចទាំងទ្វេ និងឥស្សរជនឆ្នើមជាតិទាំងឡាយ មានសម្តេច ទ្រង់ អ្នកឧកញ៉ា លោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសប្បុរសជនគ្រប់លំដាប់ថ្នាក់ បានជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»

លោកសាស្ដ្រាចារ្យ គី សន់ទី បានបញ្ជាក់ថា ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៣ នៅមន្ទីរពេទ្យគន្ធបុប្ផា មានកុមារឈឺចំនួន ៣២០,៩២១នាក់ ត្រូវបានពិនិត្យព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ (កើន៥២% ច្រើនជាងឆ្នាំ២០២២) កុមារមានជំងឺធ្ងន់ៗ ចំនួន ៧៤,៩៧៥នាក់ ត្រូវបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ (កើន១០៨% ច្រើនជាងឆ្នាំ២០២២), កុមារចំនួន ៣៧៥នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ត្រូវបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ កុមារចំនួន ១០,៣៩១នាក់ បានទទួលការវះកាត់, វះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម នៅគន្ធបុប្ផាសៀមរាប និងភ្នំពេញបានចំនួន ៣៦៧នាក់។

នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)៖ ស្រ្តីមានផ្ទៃពោះចំនួន ៤២,០៩៥ករណី បានមកពិនិត្យតាមដានផ្ទៃពោះនិងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព និងសម្រាលកូនបានចំនួន ៨,៣១៩នាក់ (កើន៣៥%) អត្រាមរណភាពកុមារក្នុងមន្ទីរពេទ្យ 0.4%។ សម្រាប់ការចំណាយថវិកាក្នុងរយៈពេល៥ខែ នៃឆមាសទី១ ឆ្នាំ២០២៣ សរុបចំនួន ១៤,៣៤៨,៨៥៩ដុល្លារ៕