(ខារទូម)៖ ការវាយប្រហារតាមអាកាស និងកាំភ្លើងធំបានសម្លាប់ជនស៊ីវិល១៨នាក់នៅក្នុងផ្សារមួយក្នុងរដ្ឋធានីស៊ូដង់ ជាកន្លែងដែលការប្រយុទ្ធគ្នាមិនមានសញ្ញាធូរស្រាលកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកងទ័ពបានបោះបង់ចោលការចរចាបទឈប់បាញ់ ជាមួយកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា​(RSF)។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៣។

អស់រយៈពេលជាងប្រាំមួយសប្តាហ៍ ទីក្រុងខារទូម និងផ្នែកផ្សេងទៀតនៃប្រទេសត្រូវបានញាំញីដោយសង្រ្គាមបង្ហូរឈាមរវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា។

កាលពីថ្ងៃពុធ កងទ័ពបានវាយប្រហារមូលដ្ឋាននៃកងកម្លាំងគាំទ្ររហ័សនៅទីក្រុងខារទូម បន្ទាប់ពីបានដកខ្លួនចេញពីកិច្ចចរចាបទឈប់បាញ់នៅទីក្រុង Jeddah អារ៉ាប៊ីសាអូឌីត ដោយចោទប្រកាន់គូប្រជែងរបស់ខ្លួន ពីបទរំលោភលើបទឈប់បាញ់ដែលមានបំណងអនុញ្ញាតឱ្យផ្តល់ជំនួយ។

ក្រុមមេធាវីសិទ្ធិមនុស្សបាននិយាយថា «ជនស៊ីវិល ១៨នាក់ត្រូវបានសម្លាប់ និង ១០៦នាក់បានរងរបួស»​​​ ដោយការបាញ់កាំភ្លើងធំរបស់កងទ័ព និងការវាយប្រហារតាមអាកាសកាលពីថ្ងៃពុធ នៅទីផ្សារមួយនៅភាគខាងត្បូងទីក្រុងខារទូម។

សហរដ្ឋអាមេរិកបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា «ភាគីទាំងពីរបានបំពានយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងបទឈប់បាញ់» ហើយបានព្រមានថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្រុះសម្រួលរវាងភាគីជម្លោះ ប្រសិនកាន់តែធ្ងន់ធ្ងរ៕