(កណ្ដាល)៖ លោក អាត ច័ន្ទដារា ចៅក្រមស៉ើបសួរ និងលោកស្រី ផាត់ សុគន្ធា តំណាងអយ្យការអមសាលាដំបូងខេត្ត បានសម្រេចចោទប្រកាន់ និងឃុំខ្លួនបណ្ដោះអាសន្តទៅលើមុខសញ្ញាចែកចាយ និងប្រើប្រាស់ថ្នាំញៀនយ៉ាងសកម្មនៅស្រុកអង្គស្នួល ចំនួន៧នាក់ដាក់ពន្ធនាគារ និងម្នាក់ទៀតត្រូវបញ្ជូនទៅមណ្ឌលកែប្រែ ដោយសាររកឃើញថាជាជនប្រើប្រាស់ថ្នាំញៀន ក្រោយមានការធានាពីគ្រួសារ។

នេះបើតាមលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល និងលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់មកកាន់អ្នកយកព័ត៍មាន Fresh News នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។ អ្នកនាំពាក្យទាំង២រូបថ្លែងថា បុគ្គលជនសង្ស័យទាំង៧នាក់ ត្រូវបានចោទប្រកាន់ពីបទ «ជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន» តាមមាត្រា ៤០ និង ៤៥ ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។

យោងតាមមាត្រា៤០ បទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចែងថា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ។ ក្រៅពីដាក់ទោសនៅពន្ធនាគារ ជនល្មើសអាចនឹងត្រូវពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល។ មាត្រា៤៥ បទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន៖ ជនណាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលស្ថិតក្រុងតារាងទី១ និងតារាងទី២ តាមគ្រប់រូបភាព និងធ្លាប់ទទួលរងនូវវិធានការព្យាបាលដោយបង្ខំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ នឹងអាចត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី១០ម៉ឺនរៀល ទៅ១លានរៀល។ ក្នុងករណីមិនរាងចាល ត្រូវផ្ដន្ទាទោសពី៦ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀលទៅ ២លានរៀល។

សូមរំលឹកថា កម្លាំងនគរបាលស្រុកអង្គស្នួល នៅយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងមូលដ្ឋាន នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យប្រុសស្រីទាំង៨នាក់ នោះរួមមាន៖ ទី១៖ឈ្មោះ ចាន់ វ៉ាន់សាក់ អាយុ២៦ឆ្នាំ (ជួញដូរ), ទី២៖ឈ្មោះ ស៊ន ឆានឈុន អាយុ២៣ឆ្នាំ (ជួញដូរ), ទី៣៖ឈ្មោះ លី យូឡុង អាយុ៣០ឆ្នាំ (ជួញដូរ), ទី៤៖ឈ្មោះ ឡឹម ម៉ៅ អាយុ៣៣ឆ្នាំ (ជួញដូរ), ទី៥៖ឈ្មោះ វ៉ន វ៉ាត់ធី ហៅវិន អាយុ២៩ឆ្នាំ (ជួញដូរ) ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល១លេីក រយៈពេលឆ្នាំ៦ខែ បទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន, ទី៦៖ឈ្មោះ សាត ស៊ីវលី ហៅស្រីលីន ភេទស្រី អាយុ២៣ឆ្នាំ (ជួញដូរ), ទី៧៖ឈ្មោះ មាស សំបូរ អាយុ២៣ឆ្នាំ (ប្រេីប្រាស់) និងទី៨៖ឈ្មោះ អ៊ុក ពិសិទ្ធ អាយុ១៩ឆ្នាំ (ប្រេីប្រាស់)។

វត្ថុតាងដកហូត ម្សៅក្រាមពណ៌សថ្លា សង្ស័យថាសារធាតុញៀន ចំនួន២កញ្ចប់, ម៉ូតូ៤គ្រឿង, អត្តសញ្ញាណប័ណ្ណ២សន្លឹក, ទូរស័ព្ទដៃ៧គ្រឿង, ឧបករណ៍ប្រេីប្រាស់ និងវេចខ្ចប់ថ្នាំញៀនមួយចំនួន៕