(ភ្នំពេញ)៖ ក្រុមឯកទេសផលិតផលហាឡាលកម្ពុជា ដឹកនាំដោយលោក សាន់ សារ៉ន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) អញ្ជើញចុះត្រួតពិនិត្យ ក្រុមហ៊ុន សុី ភី ខេមបូឌា ចំកាត់ (C.P CAMBODIA CO.,LTD) ជាសត្តឃាតដ្ឋានសំឡេះសត្វមាន់ និងផលិតប្រហិត សាខាស្រុកអង្គស្នួល ខេត្តកណ្តាល, ក្រុមហ៊ុន លីលី ហ្វ៊ូដ អុិនដាសត្រី ខូ អិលធីឌី ( LY LY FOOD INDUSTRY Co., LTD) ស្ថិតនៅភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សេនជ័យ រាជធានីភ្នំពេញ, រោងចក្រកែឆ្នៃអង្ករ វ៉ាយថីហ្គោល (White Gold Rice Processing Factory) ស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រីល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នាឱកាសនោះ លោក សាន់ សារ៉ន បានសម្ដែងការកោតសរសើរដល់ ក្រុមហ៊ុនរោងចក្រខាងលើ ដែលបានខិតខំប្រឹងប្រែង និងសហការជាមួយស្ថាប័នពាក់ព័ន្ធនានា ជាពិសេសជាមួយហាឡាលកម្ពុជា រហូតត្រូវបានទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស និងមានការកើនឡើងនូវការលក់ចេញ ដើម្បីបំពេញតម្រូវការទីផ្សារជាតិ និងអន្តរជាតិ។ លោកបានលើកទឹកចិត្ត ដល់ក្រមហ៊ុន រោងចក្រខាងលើ សូមឲ្យបន្តរក្សាអនាម័យឲ្យបានល្អ ពង្រឹងគុណភាពផលិតផលឲ្យស្របតាមស្តង់ដាហាឡាល អនុវត្តតាមលក្ខណបច្ចេកទេស បទប្បញ្ញត្តិ ដើម្បីពង្រឹងភាពជឿជាក់ នៃផលិតផលហាឡាលក្នុងស្រុក សម្រាប់ប្រជាជនមុស្លិម នៅទូទាំងពិភពលោក។

លោក សាន់ សារ៉ន បានបន្តថា កិច្ចការហាឡាលគឺជាប្រធានបទដ៏សំខាន់ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយក្នុងនោះ ផលិតផលហាឡាល មិនត្រឹមតែមានតម្រូវការខ្ពស់ សម្រាប់ប្រទេសដែលកាន់សាសនាឥស្លាមប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសមិនមែនកាន់សាសនាឥស្លាមដទៃទៀត ក៏មានតម្រូវការផលិតផល ហាឡាលផងដែរ ដោយពាក្យថា «ហាឡាល» គឺសំដៅលើភាពស្អាត ឬអនាម័យខ្ពស់ ដែលធ្វើការផលិតដោយ អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិឥស្លាម។

សូមជម្រាបថា វិទ្យាសាស្រ្តហាឡាល មាន៤ចរន្តធំៗរួមមានដូចជា ផលិតផលអាហារ ផលិតផលគ្រឿងសម្អាង ឱសថសាស្រ្ត និងផលិតផលសម្ភារប្រើប្រាស់។

គិតត្រឹមខែឧសភា ឆ្នាំ២០២៣នេះ ក្រុមឯកទេសផលិតផលហាឡាលកម្ពុជា បានសហការជាមួយក្រសួងពាណិជ្ជកម្ម បានចុះពិនិត្យវាយតម្លៃលក្ខណៈបច្ចេកទេស ដែលបានចេញវិញ្ញាបនប័ត្រសរុប២៨៤ក្នុងនោះ អាហារដ្ឋាន ភោជនីយដ្ឋានមានចំនួន៣៥កន្លែង ក្រុមហ៊ុន សិប្បកម្ម រោងចក្រ ១០៩កន្លែង សត្តឃាតដ្ឋានសំឡេះមាន់៤កន្លែង និងមានចំនួនមុខទំនិញសរុប ១,០២៩មុខ៕