(កណ្តាល)៖ លោក យូ សិរីវុឌ្ឍ ប្រធានក្រុមការងារកសាងសមាជិកបក្ស​ក្នុងជួរ​កម្មករ និយោជិត តាមរោងចក្រក្នុងខេត្តកណ្តាល រួមជាមួយក្រុមការងារនៅថ្ងៃពុធ ទី៣១ ខែ​ឧសភា ឆ្នាំ២០២៣ បានរៀបចំពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ជាសមា​ជិក សមាជិការបស់សម្ព័ន្ធសហជីពជាតិប្រមាណ ៦០០នាក់ មកពីរោងចក្រស៊ីនយីងវៃ ហ្គាមិនឯ.ក ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល។

នៅក្នុងពិធីនោះលោក យូ សិរីវុឌ្ឍ បានគូសរំលេចពីកិច្ចខិតខំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការកៀរគរអ្នក​វិនិយោគចូលមកបង្កើតរោងចក្រ សហគ្រាសនៅកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាពល​រដ្ឋ។

លោក យូ សិរីវុឌ្ឍ ក៏បានលើកបង្ហាញពីកត្តាចម្បងៗមួយចំនួន ដែលនាំឱ្យកម្ពុជាអាច​ទាក់ទាញការវិនិយោគពីក្រៅប្រទេសរួមមាន៖ សុខសន្តិភាព ស្ថេរភាពនយោបាយ កម្លាំង​ពលកម្មវ័យក្មេង និងគោលនយោបាយលើកទឹកចិត្តដល់អ្នកវិនិយោគជាដើម។

សម្រាប់លោក យូ សិរីវុឌ្ឍ សុខសន្តិភាព ស្ថេរភាពនយោបាយ គឺជាកត្តាដ៏ចាំបាច់​បំផុត ដែលនាំឱ្យអ្នកវិនិយោគបរទេសមានទំនុកចិត្ត ហើយចូលមកវិនិយោគនៅក្នុង​ប្រទេសកម្ពុជា។ ក្នុងន័យនេះ លោកបានអំពាវនាវដល់កម្មករ និយោជិតទាំងអស់ ត្រូវតែចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយនៅកម្ពុជាឱ្យបាន ដើម្បីធានា​រក្សាបានការវិនិយោគទាំងឡាយ ដែលជាប្រភពការងារ ប្រភពប្រាក់ចំណូលទ្រទ្រង់ជីវ​ភាព។

លោក យូ សិរីវុឌ្ឍ បានលើកឡើងថា មានគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ដែលមានសមត្ថ​ភាព ធានារក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយនៅកម្ពុជា។ ដូច្នេះលោកបានអំពាវនាវឱ្យកម្មករ និយោជិតទាំងអស់ ត្រូវតែបោះឆ្នោតជូនគណបក្ស​ប្រជាជន​កម្ពុជា ឱ្យបន្តដឹកនាំប្រទេសបន្តទៅមុខទៀត។

លោក បានអំពាវនាវកម្មករ និយោជិតឱ្យទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយបោះជូនគណបក្សប្រជាជនកម្ពុជាលេខរៀង១៨ ស្ថិតនៅជួរក្រោមគេខាងឆ្វេងដៃ មានរូបសញ្ញាទេវតាបាចផ្កា៕