(ភ្នំពេញ)៖ អតីតសមាជិកដ៏សកម្មរបស់គណបក្សភ្លើងទៀន និងអតីតបក្សសង្គ្រោះ​ជាតិ បានសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាស​ចូលរួមកសាងសង្គមកម្ពុជា។

អតីតសមាជិកបក្សភ្លើងទៀន និងអតីតបក្សសង្គ្រោះជាតិ ដែលសូមចូលរួមជីវភាព​នយោ​បាយជាមួយបក្សប្រជាជនកម្ពុជានេះ រួមមាន៖
១) លោក រស់ សុខា អតីត​យុវ​ជន និងជាក្រុមទ្រទ្រង់គណបក្សសង្គ្រោះជាតិ និងជាជាសមាជិកក្រុមការងារ​បណ្តោះ​អាសន្នរបស់គណបក្សភ្លើងទៀន ខេត្តព្រះសីហនុ។
២) លោក ភួង ថា អតីតយុវជនអចិន្ត្រៃយ៍អតីតបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាង​ត្បូង និងជាក្រុមទ្រទ្រង់គណបក្សខេត្តកំពង់ចាម។ បច្ចុប្បន្នជាសមាជិកនាយកដ្ឋាន​នីតិ​កម្ម​គណបក្សភ្លើងទៀន។
៣) លោក នូ ផាណ្ណី សមាជិកនាយកដ្ឋាននីតិកម្ម និងទទួលពាក្យបណ្តឹង​គណ​បក្ស​ភ្លើង​ទៀន។

ក្នុងវីដេអូគោរពជូនសម្តេចតេជោ ហ៊ុន សែន សូមចូលរួមជីវភាពនយោបាយជាមួយ​បក្សប្រជាជនកម្ពុជា អតីតយុវជនរបស់បក្សប្រឆាំងទាំង៣រូប បានបង្ហាញការពេញចិត្ត​របស់ពួកគេចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលនាំឱ្យប្រទេសជាតិ មានការអភិវឌ្ឍន៍ ជីវភាពរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ ជាពិសេសបានធ្វើឱ្យ​កិត្តិនាមរបស់កម្ពុជា បានល្បីរន្ទឺតាមរយៈព្រឹត្តិការណ៍នានាដូចជាការធ្វើជាប្រធាន​អាស៊ាន និងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមជាដើម។

ក្នុងវីដេអូនេះ ក្រុមយុវជន ក៏បានសម្តែងការគាំទ្រចំពោះវិធានការទាំងឡាយរបស់​សម្តេច​តេជោ ក្នុងការទប់ស្កាត់បំណងបង្កសកម្មភាពបំផ្លាញសន្តិសុខ និងសណ្តាប់​ធ្នាប់ពីសំណាក់គណបក្សភ្លើងទៀនផងដែរ៕