(ភ្នំពេញ)៖ វេទិកាទស្សនកិច្ចការងារស្តីពី «ឱកាសការងារ និងការត្រៀមខ្លួនចូល ទីផ្សារការងារ» នឹងត្រូវបន្តរៀបចំនៅ ក្នុងទឹកដីខេត្តសៀមរាប នាថ្ងៃទី០២ ខែមិថុនា ស្អែកនេះ នៅក្នុងបរិវេណសាកលវិទ្យាល័យបៀលប្រាយ ដោយនាំយកឱកាសការងារសរុបប្រមាណ ១ម៉ឺន ៥ពាន់កន្លែង កន្លែងជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ បន្ទាប់ពីត្រូវបានរៀបចំនៅខេត្តបាត់ដំបង កាលពីម្សិលមិញដោយរលូន និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ ក្រុមហ៊ុន សហគ្រាស ដែលកំពុងត្រូវការជ្រើសរើសបុគ្គលិក និងពិសេស ទទួលបានការចូលរួមពីសំណាក់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ យ៉ាងច្រើនកុះករ។

នាឱកាសនេះដែរ លោក សុភា ណុពង្ស ប្រធានគ្រប់គ្រងស្តីទីផ្នែកជ្រើសរើសបុគ្គលិកនៃធនាគារ Wing ដែលបានចូលរួមតាំងបង្ហាញឱកាសការងារជាច្រើននៅក្នុង វេទិកាទស្សនកិច្ចការងារកាលពីម្សិលមិញ បានលើកឡើងថា៖ «ខ្ញុំរីករាយដែល បានចូលរួមជាមួយ NEA ក្នុងការតាំងបង្ហាញអំពីឱកាសការងារដែលធនាគារ Wing កំពុងផ្តល់ជូនដល់អ្នកស្វែងរកការងារ និងបានចូលរួមផ្តល់គន្លឹះ ក្នុងការត្រៀមលក្ខណៈសម្បត្តិស្វែងរកការងារដល់យុវជន សិស្ស/និស្សិតជាច្រើនដែលបានមកចូលរួម។ ខ្ញុំក៏រំពឹងទុកដែរថាវេទិកានៅសៀមរាប ស្អែកនេះ នឹងមានបងប្អូនយុវជន សិស្ស/និស្សិតមកចូលរួមយ៉ាងច្រើនកុះករ ដូចនៅបាត់ដំបងដែរ»

លោក នួន នារ៉ូត អ្នកជំនាញការធនធានមនុស្សនៃធនាគារ ABA ដែលបានចូលរួមនៅក្នុងវេទិកាទស្សនិកច្ចការងារ កាលពីម្សិលមិញនៅក្នុងខេត្តបាត់ដំបងបានលើកឡើងថា៖ «ដោយសារការរីកចម្រើនទៅមុខឥតឈប់ឈរ ធនាគារ ABA កំពុងត្រូវការជ្រើសរើសបុគ្គលិកជាច្រើនជាង ១ពាន់នាក់ ដើម្បីបម្រើការងា រនៅតាមសាខា ABA នៅតាមបណ្តាខេត្ត ដែលភាគច្រើនក្នុងមុខតំណែង មន្ត្រីឥណទាន និងទំនាក់ទំនងអតិថិជន។ ABA ស្វាគមន៍បេក្ខជនទាំងអស់ ទាំងនិស្សិតកំពុងសិក្សា និងបានបញ្ចប់ការសិក្សាដើម្បីចូលរួមជាមួយ ABA»

ជាមួយគ្នានេះ យុវតី ខាំ សុភាម៉ានេត្រ រៀនជំនាញធនាគារនៅសកលវិទ្យាល័យជាតិបាត់ដំបង (NUBB) ដែលបានចូលរួម និងដាក់ពាក្យស្វែងរកការងារជាមួយធនាគារ ABA ក្នុង វេទិកាទស្សនកិច្ចការងារ កាលពីម្សិលមិញនៅខេត្តបាត់ដំបង បានរៀបរាប់ថា ប្អូនសប្បាយរីករាយណាស់ដែលក្រសួងការងារបានរៀបចំកម្មវិធីនេះឡើង ដើម្បីយុវជនអាចចូលរួមដោយសេរី និង ដាក់ពាក្យស្នើសុំការងារជាមួយក្រុមហ៊ុន ឬស្ថាប័នដែលខ្លួនពេញចិត្ត។

កម្មវិធី «វេទិកាទស្សនកិច្ចការងារ» នេះ ដែលសហការរៀបចំដោយ ទីភ្នាក់ងារជាតិមុខរបរ និង ការងារ (NEA) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact នឹងត្រូវរៀបចំជាបន្តបន្ទាប់ ទៀតនៅខេត្តកំពង់ធំ នាថ្ងៃអាទិត្យ ទី០៤ ខែមិថុនា នៅសាកលវិទ្យាល័យឯកទេស នៃកម្ពុជា និង នៅខេត្តកំពង់ចាម នាថ្ងៃអង្គារ ទី០៦ ខែមិថុនា នៅអគារសហភាព សហព័ន្ធយុវជនកម្ពុជា។ ដូច្នេះ យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ កុំភ្លេចត្រៀម CV ឲ្យបានច្រើនដើម្បីដាក់ពាក្យស្វែងរកការងារទៅតាមជំនាញ និងជាមួយក្រុមហ៊ុន សហគ្រាសដែលខ្លួនពេញចិត្ត។

គួរបញ្ជាក់ថា ការរៀបចំ «វេទិកាការងារ» និង «សិក្ខាសាលាអំពីការត្រៀមខ្លួនចូល ទីផ្សារការងារ» នេះ គឺយន្តការនៃការផ្តល់សេវាការងារសាធារណៈរបស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជួយស្វែងការងារធ្វើជូនដល់ប្រជាពលរដ្ឋ ហើយត្រូវបានរៀបចំឡើង ជាប្រចាំដោយ NEA ដើម្បីជួយផ្គូរផ្គង និងផ្គត់ផ្គង់កម្លាំងពលកម្មទៅដល់ក្រុមហ៊ុន សហគ្រាស ដែលកំពុងត្រូវការបុគ្គលិកនិងកម្មករនិយោជិត៕