(កណ្តាល)៖ លោក ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងលោកស្រី រួមទាំងក្រុមការងារ នាល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣​ បានផ្តួចផ្តើមរៀបចំកម្មវិធីបុណ្យសាសនាមួយឡើងជាមួយនឹងការរៀបចំពិធីបើកវគ្គសិក្សាបតិបត្តិនៃពិធីបុណ្យសមាទានធុតង្គ សមាធិ និងវិបស្សនាកម្មដ្ឋាន មានរយៈពេល ០៥យប់ ០៥ថ្ង្ងៃ ដោយគិតចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅដូនឡម ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយមានតាជី យាយជី ព្រះសង្ឃចូលរួមចំនួន ១២០អង្គ/នាក់។

លើកឡើងនាឱកាសនោះលោក ហាស់ វ៉ារី ក៏បានបញ្ជាក់ថា ការរៀបចំធ្វើវិបស្សនាកម្មដ្ឋាននេះ មានគោលបំណងដើម្បីឱ្យលោកតា លោកយាយ ឆ្ពោះទៅរកគោលដៅផ្លូវចិត្តយ៉ាងខ្ពស់បំផុតនៃការរំដោះទុក្ខ និងការត្រាស់ដឹងពេញបរិបូណ៌។ គោលដៅរបស់វិបស្សនា គឺមិនមែនសម្រាប់ព្យាបាលជំងឺផ្លូវកាយឲ្យបានជាសះស្បើយទេ ប៉ុន្តែដោយសារលទ្ធផលបន្ទាប់បន្សំដែលកើតមកពីការធ្វើចិត្តឲ្យបរិសុទ្ធផូរផង់នោះ ជំងឺផ្លូវចិត្តនិងផ្លូវកាយជាច្រើនណាស់ដែលបានជាសះស្បើយដាច់ឫសគល់ឣស់។ ការវិបស្សនា គឺប្រាកដជារំលាយហេតុ បីយ៉ាងនៃសេចក្តីទុក្ខទាំងឣស់បាន ពោលគឺ៖ លោភ: ទោស: និងមោហ:។

នាឱកាសនោះដែរលោក ហាស់ វ៉ារី បានបញ្ជាក់ដែរថា ការជួបជុំធ្វើពិធីបើកវគ្គសិក្សាបតិបត្តិនៃពិធីបុណ្យសមាទានធុតង្គ សមាធិ និងវិបស្សនាកម្មដ្ឋាន នេះបានក៏ដោយសារតែប្រទេសជាតិ មានសុខសន្តិភាពពេញលេញ និងក្រោមម្លប់សុខសន្តិភាពដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអគ្គមហារដ្ឋបុរសដ៏ឆ្នើមគ្មានពីរ បានយកសាច់ស្រស់ ឈាមស្រស់ និងជីវិតធ្វើជាដើមទុនក្នុងការពន្លត់ភ្លើងសង្គ្រាម។

លោក ហាស់ វ៉ារី ក៏បានជម្រាបជូនដល់ តាជី យាយជីដែរថា ដើម្បីជួយឱ្យប្រជាពលរដ្ឋ លោកតា លោកយាយ មានឱកាសជួបជុំដើម្បីរួមគ្នាធ្វើបុណ្យទានបាន​លុះត្រាតែប្រទេសជាតិ មានសុខសន្តិភាព ហើយដើម្បីឱ្យប្រទេសជាតិមានសុខសន្តិភាពបាន សូមលោកតា លោកយាយ ទៅចូលរួមបោះឆ្នោតទាំងអស់គ្នា សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ និងបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរួមគ្នាថែរក្សាការពារសុខសន្តិភាព និងដើម្បីបន្តស្តារ លើកកម្ពស់ ការអភិវឌ្ឍកម្រិតជីវភាពរបស់បងប្អូនឱ្យកាន់តែប្រសើរឡើងបាន។

សូមបញ្ជាក់ដែរថា អត្ថន័យនៃពិធីបុណ្យសមាទានធុតង្គ សមាធិ និងវិបស្សនាកម្មដ្ឋានមានដូចជា៖ ធុតង្គ គឺអង្គរបស់បុគ្គលអ្នកកំចាត់កិលេស ឬថាជាធម្មជាតិ មានញាណសម្រាប់កំចាត់បង់នូវកិលេស។ ន័យមួយទៀតថា អង្គនៃសេចក្តីប្រតិបត្តិសម្រាប់កំចាត់បង់នូវធម៌ជាសត្រូវ។ បុគ្គលអ្នកមានសទ្ធា ប្រព្រឹត្តធុតង្គហើយចំរើនកម្មដ្ឋានផងក៏បាន ឬមានសទ្ធាត្រឹមតែរក្សាសីល ចំរើនកម្មដ្ឋានក៏បាន តែបើមានសេចក្តីនឿយណាយក្នុងខន្ធ៥ ដែលប្រកបដោយមហាទុក្ខគ្រប់យ៉ាង ក៏គួរប្រព្រឹត្តធុតង្គផង ចំរើនកម្មដ្ឋានផង ព្រោះជាកិច្ចប្រតិបត្តិមួយនាំមកនូវសេចក្តីចំរើននៃសីលដ៏បរិសុទ្ធផង, ជាកិច្ចប្រតិបត្តិយ៉ាងហ្មត់ហ្មងក្នុងការលះបង់កិលេសផង ជាកិច្ចប្រតិបត្តិក្នុងការត្រាស់ដឹងនូវលោកុត្តរធម៌យ៉ាងឆាប់រហ័សផង ហើយជាកិច្ចមួយដើម្បីរក្សាទុកនូវវត្តដ៏ប្រសើររបស់ព្រះអរិយបុគ្គលទាំងឡាយ មានព្រះពុទ្ធជាដើមផង។

វិបស្សនា លេចចេញមកពីពាក្យ បស្ស គឺ ក្រឡេកមើល ពិនិត្យមើល និងពាក្យ វិ គឺ តាមរបៀបពិសេស។ នោះមានន័យថា ពិនិត្យមើលខ្លួនឯងតាមរបៀបពិសេសគ្រប់ជ្រុងជ្រោយ។ ជាបច្ចេកទេសដែលជម្រះចិត្តឲ្យបរិសុទ្ធ ដោយបំបាត់ចោលនូវអកុសលធម៌ទាំងឡាយ ដូចជាកំហឹង ការស្អប់ខ្ពើម លោភៈ អញនិយម។ល។ ដោយពិនិត្យមើលខ្លួនឯងតាមវិបស្សនាញាណ។ វិបស្សនាកម្មដ្ឋាន ជាការធ្វើសមាធិ ឬការបំពេញភាវនាដើម្បីឲ្យកើតបញ្ញា។

ក្នុងន័យនេះ វិបស្សនាកម្មដ្ឋាន មានគោលបំណងឆ្ពោះទៅរកគោលដៅផ្លូវចិត្តយ៉ាងខ្ពស់បំផុតនៃការរំដោះទុក្ខ និងការត្រាស់ដឹងពេញបរិបូណ៌។ គោលដៅរបស់វិបស្សនា គឺមិនមែនសម្រាប់ព្យាបាលជំងឺផ្លូវកាយឲ្យបានជាសះស្បើយទេ។ ប៉ុន្តែដោយសារលទ្ធផលបន្ទាប់បន្សំដែលកើតមកពីការធ្វើចិត្តឲ្យបរិសុទ្ធផូរផង់នោះ ជំងឺផ្លូវចិត្ត និងផ្លូវកាយជាច្រើនណាស់ដែលបានជាសះស្បើយដាច់ឫសគល់ឣស់។ តាមការពិត វិបស្សនា គឺប្រាកដជារំលាយហេតុ បីយ៉ាងនៃសេចក្តីទុក្ខទាំងឣស់បាន ពោលគឺ៖ លោភ: ទោស: និងមោហ:។ ដោយសារការបដិបត្តិយ៉ាងជាប់ជានិច្ច សមាធិ នឹងជួយបន្ធូរបន្ថយភាពតានតឹងដែលចេះតែមាននៅក្នុងការរស់នៅរាល់ថ្ងៃ ហើយជួយស្រាយចំណងដែលកើតឡើងដោយសារទម្លាប់ចាស់ដែលចេះតែនាំចិត្តឲ្យធ្វើប្រតិកម្មតបនឹងស្ថានភាព ជាទីរីករាយ និងជាទីមិនរីករាយ៕